ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្រុងប៉ៃលិនសប្បាយនឹងរែងត្បូងពេលអាជ្ញាធរជីកកកាយស្តារស្ទឹងដើម្បីចាក់បេតុង

ចែករំលែក៖

ខេត្តប៉ៃលិន៖ រហូតមកដល់ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ នៅតាមមាត់ ស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិអូរច្រា សង្កាត់ ទួលល្វា ក្រុងប៉ៃលិន និងភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ គេសង្កេត ឃើញប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី យ៉ាងពពាក់ពពូន នាំគ្នាយកកញ្ច្រែង ដែក ស្បែងព្រមទាំងសម្ភារផ្សេងៗមួយចំនួន ទៀត ចុះទៅក្នុងស្ទឹង ដើម្បីជីកកកាយដីរែង រករ៉ែត្បូង ខណ:ដែលអាជ្ញាធរកំពុងតែយកគ្រឿងចក្រ ទៅជីកកកាយដីក្នុងបាតស្ទឹង និងមាត់ស្ទឹង គោលបំណងរៀបចំច្រាំង ស្ទឹងឱ្យមានសោភណភាពល្អទាក់ទាញ ភ្ញៀវនៅថ្ងៃខាងមុខ ។

លោក សុខ កំសាន្ត អាយុ៣៦ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹង ទាំងអរសប្បាយថា អស់រយ:ពេលជាយូរ ថ្ងៃមកហើយ ដែលគេឃើញអាជ្ញាធរ បាន យកគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿង ទៅជីកកកាយដីក្នុងបាតស្ទឹង និងជីកនៅ តាមមាត់ស្ទឹងរួចដឹកយកទៅចាក់នៅ កន្លែងផ្សេង ដើម្បីធ្វើឱ្យស្ទឹងក្លាយទៅ ជាជ្រៅល្អ ហើយនឹងរៀបចំចាក់បេតុង ច្រាំងស្ទឹងឱ្យមានសោភណភាពល្អ ដើម្បី ងាយស្រួលទៅថ្ងៃមុខអាចទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ។

លោកបន្តទៀតថា ស្របពេលដែល អាជ្ញាធរកំពុងជីកកកាយដីបែបនេះធ្វើឱ្យ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី បាននាំ យកសម្ភារដូចជាកញ្ច្រែង ដែកស្បែងបង្គី ល្អី នាំគ្នាចូលទៅអង្គុយរែងត្បូងយ៉ាងកុះករ ដោយអ្នកខ្លះបានកម្ទេចត្បូងយក ទៅលក់ឱ្យកុងសែ (ឈ្មួញ) បានប្រាក់ក្នុង ១ថ្ងៃ១០ ទៅ២០ម៉ឺនរៀល អ្នកខ្លះបាន រហូតដល់រាប់លានរៀល សម្រាប់យកទៅដោះស្រាយផ្គត់ផ្គង់ជីវភាពគ្រួសារ ។

បើតាមលោក ហឿន ហេង អាយុ៤០ ឆ្នាំ រស់នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ បានឱ្យដឹងដែរថា រហូតមកដល់ ពេលនេះប្រជាពលរដ្ឋសប្បាយរីករាយ យ៉ាងខ្លាំង ខណ:អាជ្ញាធរអភិវឌ្ឍស្ទឹងចាប់ ពីស្ពានតារៀប រហូតស្ពានសន្តិភាព ដោយយកគ្រឿងចក្រទៅជីកកកាយដីដឹកយកទៅដាក់កន្លែងផ្សេង ហើយចាំដល់កាល ណាទៀត វាជាឱកាសល្អដែលឱ្យពួកគាត់នាំគ្នាចុះទៅជីករែងយករ៉ែត្បូងលក់បាន លុយច្រើនជាងសព្វមួយដង ព្រោះគេជីក ដីកាន់តែជ្រៅ កម្ទេចត្បូង ដែលនៅកប់ ក្នុងដីក៏កាន់តែរាក់ងាយស្រួលឱ្យពួកគាត់នាំគ្នារែងយករ៉ែត្បូងយកទៅលក់ ហើយ ម្នាក់ៗ ពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយមួយថ្ងៃៗ មិនហ៊ានសម្រាកនោះ ទេ ហើយក៏មិនចង់ឱ្យថ្ងៃលិចដែរ ព្រោះ បើទុកយូរគេលែងឱ្យជីកកកាយខាតពេល ហើយខាតទាំងលុយកាក់ថែមទៀតផង។

លើសពីនេះទោះបីជាតំបន់ខាងលើ ត្រូវបានថៃចូលមកជីកកកាយដឹកយកទៅស្រុកគេអស់ខ្ទេចខ្ទីកាលពីសម័យសង្គ្រាមក៏ដោយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ក៏មាននៅសល់ខ្លះៗ អាចឱ្យប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន មួយចំនួនដែល គ្មានការងារធ្វើ អាចនាំគ្នាទៅអង្គុយរែង ត្បូងសន្សំកម្ទេចបានខ្លះៗ ដែរតែបើប៉ះចំ ថ្ងៃហេងវិញ គឺអាចរកប្រាក់ចំណូលបាន រាប់លានរៀលឯណោះ ។ ដូច្នេះបើសិន ជាប្រជាពលរដ្ឋណា មានពេលទំនេរ អាចនាំគ្នាទិញយកកញ្ច្រែងទៅអង្គុយ រែងលេងកម្សាន្តផង និងផ្សងសំណាង ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖