ជាថ្មីម្តងទៀត អាមេរិកបានបរាជ័យនៅក្នុងការកាត់ផ្តាច់ទំនាក់ទំនង របស់ប្រទេសវេណេហ្ស៊ុយអេឡា ជាមួយប្រទេសខាងក្រៅ តាមរយៈទណ្ឌកម្ម ។ ប៉ុន្តែ សកម្មភាពរបស់អាមេរិកបន្តបរាជ័យ ដោយមានប្រទេសជាច្រើន បានរក្សាទំនាក់ទំនងជាមួយវេណេហ្ស៊ុយអេឡាដដែល ក្នុងនោះមានចិន រុស្ស៊ី គុយបាជាដើម។
កន្លងមកថ្មីៗ រដ្ឋាភិបាលចិនបានប្រកាសបន្ត ទិញប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់ ដដែល មិនខ្វល់ពីការព្រមានដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ ។ ទីក្រុងប៉េកាំងបញ្ជាក់សកម្មភាពទិញប្រេងគឺស្របទៅតាមច្បាប់ អន្តរជាតិ ។
នៅពេលនេះចិន ក៏បានបញ្ជូនជំនួយជាច្រើន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ យន្តហោះដឹកទំនិញរបស់ចិនបានហោះហើរពីទីក្រុងសៀងហៃ ដោយនាំថ្នាំពេទ្យ និងសម្ភារៈបរិក្ខាពេទ្យជាច្រើន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី១៣ ខែឧសភា ។
ក្រសួងព័ត៌មាន វេណេហ្ស៊ុយអេឡា បានប្រកាសថា យន្តហោះដឹកជំនួយមនុស្សធម៌របស់ចិន បាននាំសម្ភារបរិក្ខាពេទ្យ និងថ្នាំសង្កូវ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ហើយប្រធានាធិបតី ម៉ាឌូរ៉ូ និង រៀបចំចែកចាយ ជំនួយទាំងនោះ។
សារព័ត៌មាន RT បានផ្សាយថា ជំនួយខាងលើ ដឹកទៅកាន់វេណេហ្ស៊ុយអេឡា តាមក្រុមហ៊ុនអាកាសចរណ៍ Suparna Airlines បានចាកចេញពីទីក្រុងសៀងហៃកាលពីថ្ងៃទី១៣ខែឧសភា ឆ្លងកាត់ទីក្រុង Madrid ប្រទេសអេស្បាញមុនពេលចូលទៅកាន់ទីក្រុង Caracas ។
មន្ត្រីវេណេហ្ស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះខាងលើ បានចុះចត់នៅទីក្រុង ការ៉ាកាស នៅវេលាម៉ោង១៣និង ០៩នាទី ម៉ោងក្នុងតំបន់។ វិបត្តិសេដ្ឋកិច្ចនៅវេណេហ្ស៊ុយអេឡា បានធ្វើឲ្យប្រទេសនេះខ្វះខាតយ៉ាងខ្លាំង នៅថ្នាំសង្កូវដើម្បីព្យាបាលពលរដ្ឋ ។
បច្ចុប្បន្នប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ទទួលបានការគាំទ្រពីប្រទេសជាច្រើន ក្នុងនោះមាន ចិន និងរុស្ស៊ី ជាដើម។ ចិនបានឲ្យប្រទេសវេណេហ្ស៊ុយអេឡា ខ្ចីប្រាក់ជាង ៥០ពាន់លានដុល្លារ អាមេរិកដើម្បីកសាងសេដ្ឋកិច្ចជាតិ។
តាមកិច្ចព្រមព្រៀង ចិននិងរុស្ស៊ីនឹងផ្តល់ជំនួយថ្នាំពេទ្យដល់វេណេហ្ស៊ុយអេឡារហូតដល់បំណាច់ឆ្នាំ២០១៩នេះ ៕