ព័ត៌មានទាន់ហេតុការណ៍៖

ចិនមិនត្រឹមតែបន្តទិញប្រេងពី​វេណេហ្ស៊ុយអេឡាឡើយ ថែមទាំង​ផ្តល់ជំនួយទៀតផង​

ចែករំលែក៖

ជាថ្មីម្តងទៀត អាមេរិកបានបរាជ័យនៅក្នុងការកាត់ផ្តាច់ទំនាក់ទំនង របស់ប្រទេសវេណេហ្ស៊ុយអេឡា ជាមួយប្រទេសខាងក្រៅ​ តាមរយៈទណ្ឌកម្ម ។ ប៉ុន្តែ សកម្មភាពរបស់អាមេរិក​បន្តបរាជ័យ ដោយមានប្រទេសជាច្រើន បានរក្សាទំនាក់ទំនងជាមួយវេណេហ្ស៊ុយអេឡា​ដដែល ក្នុងនោះមានចិន រុស្ស៊ី គុយបាជាដើម​។

កន្លងមកថ្មីៗ រដ្ឋាភិបាលចិនបានប្រកាសបន្ត ទិញប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់ ដដែល មិនខ្វល់ពីការព្រមានដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ ។ ទីក្រុងប៉េកាំងបញ្ជាក់សកម្មភាពទិញប្រេងគឺស្របទៅតាមច្បាប់ អន្តរជាតិ ។

នៅពេលនេះចិន ក៏បានបញ្ជូនជំនួយជាច្រើន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ យន្តហោះដឹកទំនិញ​របស់ចិន​បានហោះហើរពី​ទីក្រុងសៀងហៃ​ ដោយនាំថ្នាំពេទ្យ និងសម្ភារៈបរិក្ខាពេទ្យ​ជាច្រើន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី​១៣ ខែឧសភា ។

ក្រសួងព័ត៌មាន វេណេហ្ស៊ុយអេឡា បានប្រកាសថា យន្តហោះដឹកជំនួយមនុស្សធម៌​របស់ចិន បាននាំសម្ភារបរិក្ខាពេទ្យ​ និងថ្នាំសង្កូវ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ​ ហើយប្រធានាធិបតី ម៉ាឌូរ៉ូ និង រៀបចំចែកចាយ ជំនួយទាំងនោះ។

សារព័ត៌មាន​ RT ​បានផ្សាយថា ជំនួយខាងលើ ដឹកទៅកាន់វេណេហ្ស៊ុយអេឡា តាម​ក្រុមហ៊ុនអាកាសចរណ៍​ Suparna Airlines បានចាកចេញពីទីក្រុងសៀងហៃកាលពីថ្ងៃទី​១៣ខែឧសភា ឆ្លងកាត់ទីក្រុង​ Madrid ​ប្រទេសអេស្បាញ​មុនពេលចូលទៅកាន់ទីក្រុង Caracas ។

មន្ត្រីវេណេហ្ស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះខាងលើ បានចុះចត់នៅទីក្រុង ការ៉ាកាស នៅវេលាម៉ោង​១៣និង ០៩នាទី ម៉ោងក្នុងតំបន់។ វិបត្តិសេដ្ឋកិច្ចនៅវេណេហ្ស៊ុយអេឡា បានធ្វើឲ្យ​ប្រទេសនេះខ្វះខាតយ៉ាងខ្លាំង នៅថ្នាំសង្កូវដើម្បីព្យាបាលពលរដ្ឋ ។

បច្ចុប្បន្នប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​នីកូឡាស ម៉ាឌូរ៉ូ ទទួលបានការគាំទ្រពីប្រទេសជាច្រើន ក្នុងនោះមាន ចិន និងរុស្ស៊ី ជាដើម​។ ចិនបានឲ្យប្រទេសវេណេហ្ស៊ុយអេឡា ខ្ចីប្រាក់ជាង ៥០ពាន់លានដុល្លារ អាមេរិក​ដើម្បីកសាងសេដ្ឋកិច្ចជាតិ​។

តាមកិច្ចព្រមព្រៀង ចិននិងរុស្ស៊ី​នឹងផ្តល់ជំនួយថ្នាំពេទ្យដល់វេណេហ្ស៊ុយអេឡា​រហូតដល់បំណាច់ឆ្នាំ​២០១៩នេះ ៕


ចែករំលែក៖