ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី៧នាក់ របួសធ្ងន់ ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៧នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងម៉ូតូ នឹងម៉ូតូ នៅស្រុកកំពង់រោទ៍ និងក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីទីមួយ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ស៊េរី ២០១៩ ពាក់ស្លាកលេខស្វាយរៀង ១M៨៣២៧ បើកបរឈ្មោះ ពិល ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សាន់ ហឿន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មី ឃុំ ខ្សែត្រ ស្រុកកំពង់រោទ៍ ក្នុងទិសដៅពីទិសខាងកើតទៅលិច ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក C១២៥ ស៊េរី ២០១២ ពាក់ស្លាកលេខ ១D០៧១៦ បើកបដោយឈ្មោះ ដាំ ដុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ក្នុងទិសដៅស្របគ្នា ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ករណីទី២បានកើតឡើងកាលពី ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៧ព្រឹក ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១២៩ និង១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ (២០១៥) ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១F១៥៣២ បើកបរដោយឈ្មោះ ស្រី សុភាព ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង និង អ្នករួមដំណើរឈ្មោះ ផាត់ កញ្ញា ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត ខណៈនោះក៏បានបត់ឆ្វេង ខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមួយគ្រឿង ម៉ូតូម៉ាកហុងដាសេ ១២៥ (២០១៧) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GG ៧២៥៨ បើកបរដោយឈ្មោះ ម៉ៅ សារុន ភេទ ប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស្វាយប៉ោ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង អ្នករួមដំណើរឈ្មោះ នុត នឿន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ មកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ បង្កការភ្ញាក់ផ្អើលរតែម្ដង ។

ចំពោះមធ្យោបាយធ្វើដំណើរ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀង ព្រមទាំងដឹកអ្នករងរបួសមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖