ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទីទាល់ក្រ មានជំងឺ និងពិការ ទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដឹកនាំដោយ លោក យិន សាំងហេង ប្រធានសាខា ខេត្តប៉ៃលិន និងក្រុមការងារ សកម្ម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រ កំពុងមានជំងឺ និងពិការ កូនច្រើននៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមលោក យិន សាំងហេង ប្រធានសាខាចលនាយុវជនកម្ពុជា ក១៥៧ ខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ ព្រមទាំង លោក ម៉ឹង ពន្លក ជាប្រធានប្រតិបត្តិ បានធ្វើការណែនាំដល់ ក្រុមការងារនៅ ថ្នាក់មូលដ្ឌាន ត្រូវយកចិត្តទុកដាក់ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយត្រូវចូលរួមសហការឲ្យបានល្អ ជាមួយអាជ្ញាធរ ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ នយោបាយ អ្វីឡើយ ។

លោកប្រធានសាខា បានបន្តថា៖ ចលនាយុវជនកម្ពុជា ក១៥៧ មិនមែនជាអង្គការ ឬសមាគមទេ គឺជាក្រុមដែលបង្កើតឡើង ដើម្បីបម្រើវិស័យមនុស្សធម៌ សុទ្ទសាធ ហើយជាក់ស្តែងនាពេលនេះ គ្រាន់តែទទួលដំណឹងពីមូលដ្ឋានភ្លាម ក្រុមការងារចលនាយុវជនកម្ពុជា ក១៥៧ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈ និងថវិកាទៅឧបត្ថម្ភជូនដល់លំនៅដ្ឋានរបស់បងប្អូនភ្លាម បើទោះបីអំណោយទាំងនេះមិនអាចឆ្លើយតបការខ្វះខាតគ្រប់ពេលក៍ពិតមែន តែវាអាចជួយដោះស្រាយ ជីវភាពបងប្អូនបានកំរិតផងដែរ ។ ក្នុងឱកាសនោះផងដែរ លោក យិន សាំងហេង ក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយរស់នៅស្អាត ហូបស្អាត ដើម្បីបញ្ចៀសកុំឲ្យមានជំងឺឆ្លងផ្សេងៗ ដែលតែងតែរាតត្បាត ពិសេស ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមជាដើម ហើយក្នុងករណីណាមានជំងឺសូមបងប្អូនទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទាំង ៣គ្រួសារ ដែលទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ១-លោកតា ហ៊ុយ យូ អាយុ ៦៣ឆ្នាំ មានជំងឺលើសឈាម ជាជនពិការ ២-លោកពូ ដុក ណុប អាយុ ៥២ឆ្នាំ ជាជនពិការ មានកូនក្នុងបន្ទុក ៧នាក់ និង៣-អ៊ុំស្រី ភួន អ៊ីម អាយុ ៤៨ឆ្នាំ មានជំងឺលើសឈាម ចំណែកអំណោយដែលទទួលបានកឺក្នុងម្នាក់ៗ រួមមាន៖ អង្ករ ២៥Kg ទឹកសុទ្ធ ៥យួ មី ១កេះ ទឹកត្រី ១ដម ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ និងថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ.បន្ទាប់មកពលរដ្ឋទាំង៣គ្រួសារ សូមថ្លែងអំណរអរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ឹង ពន្លក ព្រមទាំងលោក យិន សាំង ហេងប្រធានសាខាចលនាយុវជនកម្ពុជា ក១៥៧ ខេត្តប៉ៃលិន. និងក្រុមការងារសកម្ម សូមជូនពរឲ្យអស់លោក.លោក ស្រីជូបសេចក្ដីសុខ និងសុខភាពល្អរឹងមំាជួបតែសំណាងល្អៗ ៕ស សារ៉េត


ចែករំលែក៖