ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹងបង្កហិង្សា ក្នុងគ្រួសារ រហូតមានការប្រតាយប្រតប់គ្នា ជាមួយកូនប្រពន្ធ និងយកកាំភ្លើងខ្លី មកគំរាមជនរងគ្រោះថែមទៀត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅត្រង់ចំណុចតូបលក់ដូរ គ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាបៀរនៅតូបលក់របស់ខ្លួន ជាមួយក្មួយប្រុស និងអ្នកជិតខាងចំនួន០២នាក់ទៀត លុះដល់វេលាម៉ោង២២ និង៣០នាទី អ្នកផឹកជាមួយជនសង្ស័យ ក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួនចំណែកជនសង្ស័យ ក៏បានស្តីបន្ទោសឲ្យជនរងគ្រោះ (ប្រពន្ធ) ថា មិនទាន់បិតតូប តែជនរងគ្រោះមិនតប ភ្លាមនោះជនសង្ស័យ ក៏បានយកកំប៉ុងទឹកផ្លែឈើ និងកញ្ច្រែងគប់ទៅលើអំពូលភ្លើង ឃើញដូចនេះជនរងគ្រោះ ក៏បានទៅឃាត់តែត្រូវជនសង្ស័យច្រានចេញ និងបានយកធុងទឹកតូចគប់ទៅលើជនរងគ្រោះទៀតតែ ក៏ត្រូវជនរងគ្រោះគេចផុតបន្ទាប់មកជនសង្ស័យ ក៏បានទាញពូថៅនៅក្រោមគ្រែក្នុងគោលបំណង់គប់មកលើជនរងគ្រោះ ឃើញបែបនេះ ឈ្មោះ សឿនសុជាតា (ត្រូវជាកូនស្រី) និងឈ្មោះស្រីខែម (ជាក្មួយ) ក៏បានរត់មកឃាត់ដកយកពូថៅចេញពីជនសង្ស័យ និងបានឲ្យជនរងគ្រោះ (ម្តាយ) គេចចេញ បន្ទាប់មកឈ្មោះ ស្រីខែមត្រូវបានជនសង្ស័យចាប់បោចសក់រួចមកឈ្មោះស្រីខែម ក៏បានរត់ចេញពីកន្លែកកើតហេតុដោយមិនអស់ចិត្តជនសង្ស័យ ក៏បានទៅយកាំភ្លើងនៅក្រោមគ្រែដេករបស់ខ្លួនមកដេញតាមឈ្មោះ ស្រីខែមដែលត្រូវជាក្មួយ ដោយឃើញស្ថានភាពបែបនោះឈ្មោះជា (ត្រូវជាប្តីរបស់ឈ្មោះស្រីខែម) បានរត់មកចាប់យកកាំភ្លើងពីជនសង្ស័យរួចបោះចូលក្នុងទឹកបឹងតែម្តង ក្រោយមក ក៏បានតេទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ឲ្យមកជួយអន្តរាគមន៍ទាន់ពេលវេលា ។
ជនសង្ស័យឈ្មោះ ង៉ុយ សឿនភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ យ័ន ម៉េត ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សម្ភារ ដកហូតកាំភ្លើងខ្លីម៉ាកPO (ប៉េស៊េរ៉ូវីត) លេខ៤៦៥១ ចំនួន ០១ដើម ។
ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ក៏បានចុះមកដល់កន្លែងកើហេតុឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ