ខេត្តកំពត ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានគណបក្សខ្មែរ ក្រោក និងប្រជាពលរដ្ឋបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមហ៊ុនអចលនទ្រព្យមួយបានបោះបង្គោលចូលដល់ក្នុងទឹកសមុទ្រ ថែមទាំងអះអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវទៀតនោះ ហើយលោកបានព្រមានដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យមើលជាបន្ទាន់បើមិនដូច្នោះទេលោក និងក្រុមការងារនឹងចុះស្រាវជ្រាវ តាមដានហេីយ។
រហូតមកដល់ព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ២០១៩ បើតាមលោក ជាវ តាយអភិបាលខេត្តកំពត បានបញ្ជាក់ពីចំណាត់ការថា បើសិនជារកឃើញ និងស្រាវជ្រាវទៅពិតជា ខុសច្បាប់មែននោះ លោកនឹងឲ្យដកបង្គោលនោះ ចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាទទីនៅក្នុងទឹកសមុទ្រនោះឡើយ។លោកអភិបាលខេត្តបានបន្ថែមថា ករណីនេះលោកបានទទួលព័ត៌មាននិងរូបភាពពីមន្ត្រីបរិស្ថាន ប៉ុន្ដែមិនទាន់ដឹងនៅចំណុចទីតាំងណាឲ្យពិតប្រាកដនោះទេ។
ដោយឡែកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក យិន វុធ ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ លោកបានឲ្យមន្ដ្រីចុះទៅស្រាវជ្រាវហើយ ដើម្បីមានវិធានការបន្ដទៀត។
ចំណែកមន្ដ្រីជាន់ខ្ពស់មួយរូបនៅខេត្តកំពត ក៏បានឲ្យដឹងដែរថា ដីតំបន់ខាងលើខ្លះក៏មានប្លង់ ខ្លះក៏អត់មានប្លង់ ហើយម្ចាស់ដីក៏សុទ្ធតែមន្ដ្រីគ្រាក់ៗទៀតផង ហើយការបោះបង្គោលនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលគឺតាំងពីជំនាន់អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មកមេ្ល៉ះហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្ដែដោយសារតែទឹកជោរ (ទឹកឡើងខ្លាំង)ទើបមើលឃើញរូបភាពយ៉ាងដូច្នេះ។
ប្រធានគណបក្សខ្មែរក្រោក រិះគន់ការលក់ដីសមុទ្រ បោះបង្គោលដល់ក្នុងសមុទ្រទៀត ដោយលោកបញ្ជាក់ថា សមុទ្រ បឹងបួ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ! តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធិប្លង់រឹងឬប្លឹងរាវ ? បេីប្លង់រឹង ជាប្លង់រឹងត្រឹមលេីដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?
នេះជារូបភាពនៅសមុទ្រខេត្តកំពតដែលផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹងដូចនេះខ្ញុំឆ្ងល់ថាតេីប្លង់រឹងត្រឹមឆ្នេរចម្ងាយ៥០មែ៉ត្រ ឬប្លង់រឹងចូលដល់សមុទ្រទេីបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ។
សូមបញ្ជាក់ថា អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធិ អនុប្ប យោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខ ខ័ណ្ឌមួយចំនួន ។
លោកជាវ តាយ អភិបាលខេត្តកំពត បំភ្លឺថា បង្គោលដែលបោះចូលសមុទ្រមួយកន្លែងក្នុងខេត្តកំពត គឺមានតាំងពី១០ឆ្នាំមុនមកមេ៉្លះ មិនមែនទើបតែនឹងកើតឡើងនោះទេ។
លោកថា «មានតាំងពីខ្ញុំ មិនទាន់ឡើងធ្វើជាអភិបាលខេត្តមេ្ល៉ះ តែគេទើបនឹង បង្ហោះ»។
លោក អភិបាលខេត្តបានលើកឡើងថា បច្ចុប្បន្នមន្ត្រីរបស់លោកកំពុងតែស្រាវជ្រាវរឿងនេះ។ ដោយសារតែមិនទាន់ទទួល បានរបាយការណ៍និងលទ្ធផលនៃការស្រាវជ្រាវ លោកមិនទាន់អាចបញ្ជាក់ឡើយពីឈ្មោះក្រុមហ៊ុន ហើយការបោះបង្គោលនោះ ក្នុងគោលបំណងអ្វី ក៏លោកមិនទាន់អះអាងដែរ។ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលបានចេញ ស.ជ.ណ. (សេចក្តីជូនដំណឹង) អំពីការបោះបង្គោលនេះ។
បន្ទាប់ពីមានការដាក់បញ្ជាពីលោកអភិបាលខេត្តកំពត ជាវ តាយ មន្ត្រីជំនាញចម្រុះស្ថាប័នមួយក្រុម ដែលដឹកនាំដោយលោកអភិបាលរងខេត្តកំពត នៃ គង់ បានចុះទៅដល់ទីតាំងបោះបង្គោលនៅដែនសមុទ្រ ក្នុងតំបន់ភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
លោក នៃ គង់ អភិបាលរងខេត្តកំពត និងជាអ្នកដឹកនាំក្រុមការងារចុះត្រួតពិនិត្យ បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញត្រូវការប្រើពេលមួយ ទៅពីរថ្ងៃទៀត ដើម្បីប្រមូលឯកសារពាក់ព័ន្ធទាំងឡាយ ឈានទៅដល់ការវិនិច្ឆ័យថាត្រូវ ឬខុស មុននឹងមានចំណាត់ការតាមផ្លូវច្បាប់។ ចំពោះលទ្ធផលនៃការត្រួតពិនិត្យដំបូងនេះ នៅមិនទាន់អាចប្រកាសជាផ្លូវការ ថាយ៉ាងណានោះទេ។ ពេលក្រុមការងារចុះទៅដល់ទីនោះ ប្រជាពលរដ្ឋបានប្រាប់ថា ឃើញបង្គោលបោះយូរមកហើយ។ មន្ត្រីជំនាញក៏បញ្ជាក់ដែរថា ដីនៅទីនោះមានកម្មសិទ្ធិ ប៉ុន្តែមិនទាន់ឃើញឯកសារជាក់ស្ដែង។ បើតាមមន្ត្រីជលផលវិញ ប្រាប់ថា កាលពីឆ្នាំ២០០៨កន្លងទៅ ស.ជ.ណ. របស់ខេត្ត បានកាត់ប្រគល់ដីជូនពលរដ្ឋ ១២គ្រួសារនៅតំបន់នោះ ព្រោះជាអ្នកធ្លាប់ចិញ្ចឹមក្ដាមនៅនឹងកន្លែង។ ក្រោយមកកម្មសិទ្ធិនៅទីនោះ ត្រូវលក់តគ្នា ហើយពលរដ្ឋ១២គ្រួសារ ក៏មិនដឹងទៅដល់ទីណា ទើបស្ថានភាពដូចសព្វថ្ងៃ។ លោកអភិបាលខេត្តកំពត ជាវ តាយបានបញ្ជាក់ថា ប្រសិនបើរកឃើញការបង្គោលនោះខុសច្បាប់ ត្រូវដកចោលភ្លាមៗ៕ ហេង នរិន្ទ្រ