ខេត្តកណ្ដាល៖ យុវនារីម្នាក់ ត្រូវបានឪពុកចុងខ្លួនឯង ល្បួងទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចដល់ទៅ២ដង ចុងក្រោយបែកការដឹងដល់បងប្អូនម្ដាយយុវនារីរងគ្រោះ ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងព្រៃខាងក្រោយភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា យុវនារី ជាមនុស្សវិបល្លាសស្មារតី ។ ចំណែកជនសង្ស័យឈ្មោះ បូ វុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ យុវនារីរងគ្រោះបានទៅអង្គុយលេងលើបង់តែម្នាក់ឯង នៅក្នុងវត្តធម្មស្រះ ខណៈកំពុងតែអង្គុយលេង ស្រាប់តែជនសង្ស័យឈ្មោះ បូ វុន ត្រូវជាឪពុកចុង បានដើរទៅនិយាយបបួលជនរងគ្រោះដែលជាកូនចុងថា៖ តោះទៅកន្លែងដដែល ដោយឲ្យយុវនារីរងគ្រោះដើរទៅមុន ហើយខ្លួនដើរទៅតាមក្រោយ លុះដើរដល់ក្នុងព្រៃខ្នងទំនប់ខាងត្បូងវត្តធម្មស្រះ កន្លែងកើត ជនសង្ស័យបានចាប់ស្រាតខោជើងវែង និងខោក្នុងរបស់ជនរងគ្រោះចេញ តែមិនបានដោះអាវនោះទេ រីឯជនសង្ស័យបានឲ្យជនរងគ្រោះដេកនៅនឹងដីក្បែរគុម្ពឫស្សី រួចហើយធ្វើសកម្មភាព រំលោភជនរងគ្រោះរហូតបានសម្រេច ។
បន្ទាប់ពីរំលោភរួច ជនសង្ស័យបានឲ្យជនរងគ្រោះដើរទៅផ្ទះ ជួនពេលនោះបងស្រីជនរងគ្រោះឈ្មោះ ពុធ ស្រីនី បានដើររកជនរងគ្រោះក៏ឃើញជនរងគ្រោះនៅក្នុងវត្តធម្មស្រះ រួចសួរនាំ ហើយជនរងគ្រោះបានរៀបរាប់រឿងហេតុខាងលើ ដល់បងស្រី និងម្ដាយខ្លួនភ្លាមនោះបងស្រី និងម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងមកនគរបាលប៉ុស្ដិ៍រដ្ឋបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីនគរបាលទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះរួច ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា កាលពីថ្ងៃ អាទិត្យទី ១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះ នៅកន្លែងកើតហេតុខាងលើបានសម្រេចចំនួន១ដងហើយ ប៉ុន្តែជនរងគ្រោះមិនបានប្រាប់ម្ដាយ ឬបងប្អូនទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ