ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកគ្នាបង្កហិង្សាដេញវាយគ្នាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីជនជាតិចិន២ក្រុ​មបើករថយន្តបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង​ រួចបង្កហិង្សាដេញ វាយគ្នាពេញផ្លូវ ផ្អើលអស់សមត្ថកិច្ចកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវ៩៥​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌចំការមន​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាក starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO 3367 បើកបរដោយបុរសជនជាតិចិន ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក starex ដូចគ្នាពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AZ 3693 បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួចដំណើរប្រុសស្រី៥នាក់ទៀត ជាជនជាតិចិនដូចគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ក្នុងទិសដៅពីត្បូងទៅជើងលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកចំកង់ក្រោយចំហៀងខាងឆ្វេងពេញទឹង បណ្តាលឲ្យរថយន្តម្ខាងទៀតវិលមួយជុំរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់មក ភាគីខាងរថយន្តពណ៌សដោយអាងគ្នាច្រើន ក៏ចុះពីរថយន្តដេញវាយភាគីម្ខាងទៀត ទើបតដៃរបួសម្នាក់ ។ មួយសន្ទុះក្រោយមក ពួកគេមិនអស់ចិត្ត ក៏ហៅបក្ខពួកមកបន្ថែមទៀត ទាំងសងខាងបំណងមកវាយគ្នាទៀត តែសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែង យករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖