ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យជាង ៤០ឆ្នាំ កាន់កាំបិត ចាក់កាប់សិស្សរបួសជាច្រើននាក់ នៅជប៉ុន

ចែករំលែក៖

មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យបុរសម្នាក់ ដេញចាក់កាប់ក្មេងៗសិស្សសាលា រួច ចាក់ត្រង់កខ្លួនឯងនៅឡើយទេ ។ បុរសខាងលើអាចមានបញ្ហាសសៃប្រសាទ ទើបមានសកម្មភាពដូច្នេះ ។

នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ មានការវាយប្រហារដោយប្រើកាំបិត នៅតំបន់សួនច្បារសាធារណៈ Noborito 1 ស្ថិតនៅក្នុងទីក្រុង កាវ៉ាសាគី ក្នុងខេត្ត កាណាហ្គាវ៉ា ប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស ១៦នាក់រងរបួស ក្នុងនោះមានសិស្សសាលាបឋមសិក្សា៤នាក់ ។

ប្រភពព័ត៌មានពី កម្លាំងប៉ូលិសនៅទីក្រុង កាវ៉ាសាគី បានបញ្ជាក់ថា បុរសម្នាក់អាយុប្រហែល៤០ឆ្នាំ ទៅ៥០ឆ្នាំ បានប្រើកាំបិត ចាក់ កាប់ ទៅលើអ្នកដំណើរ នៅវេលាម៉ោង ៧និង៤៥នាទីម៉ោងក្នុងតំបន់ ។ ក្នុងចំណោមជនរងគ្រោះ មាន ២អ្នកសន្លប់ បញ្ជូនទៅសង្គ្រោះបន្ទាន់ និង ៣នាក់ទៀត មានជំងឺបេះដូង ដោយសារតែភ័យរន្ធត់តក់ស្លត់ខ្លាំងពេក ។

ទូរទស្សន៍ NHK បានផ្សាយថា ក្មេង១នាក់ និងមនុស្សពេញវ័យម្នាក់ រងរបួសធ្ងន់ និងបានស្លាប់ បន្ទាប់ពី ត្រូវបុរសម្នាក់ចាក់ប្រហារ នៅទីក្រុង Kawasaki ភាគខាងលិច ទីក្រុងតូក្យូ ។ ប្រភពនេះ ដកស្រង់ប្រភពព័ត៌មានពីអាជ្ញាធរក្នុងតំបន់ ។

NHK បានផ្សាយទៀតថា បុរសជាជនសង្ស័យ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន នៅនឹងកន្លែង ។ គេបានរងរបួសធ្ងន់ធ្ងរផងដែរ ដោយសារចាក់ខ្លួនឯង នៅត្រង់ស្មា ។ ប៉ូលិសរកឃើញកាំបិត២ដើម នៅជាប់នឹងខ្លួនបុរសរូបនេះ ។ មិនទាន់ដឹងមូលហេតុ នៃការចាក់ប្រហារនេះទេ ។

កាលពីឆ្នាំ២០១០ ក៏មានករណីប្រើកាំបិត ចាក់ កាប់នៅលើរថយន្តក្រុង ក្នុងទីក្រុងតូក្យូ បណ្តាលឲ្យមនុស្ស ជាង១០នាក់រងរួសធ្ងន់៕


ចែករំលែក៖