ខេត្តពោធិ៍សាត់៖ គ្រោះធម្មជាតិកើតឡើងស្ទើររាល់ថ្ងៃ នៅខេត្តពោធិ៍សាត់ ជាក់ស្ដែង៖ នៅវេលាម៉ោង៣ និង៣៥នាទី រសៀល ថ្ងៃច័ន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចសំយ៉ាបផ្ទះ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិរន្ទះបាញ់ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ កំពុងស្ថិតក្នុងការជួយសង្រ្គោះ ។
ប្រភពពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានឲ្យដឹងថា ជនរងគ្រោះ ដោយគ្រោះធម្មជាតិរន្ទះបាញ់ឈ្មោះ ហេង ហុង អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារ ឪពុកម្ដាយ ស្ថិងក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពបន្តទៀតថា យុវជនរងរបួសធ្ងន់ត្រូវរន្ទះបាញ់នេះ នៅគ្រាដែលគាត់កំពុងត្រងទឹកពីទរដាក់ចូលពាងនៅក្បែរផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀង ពោរពេញទៅដោយខ្យល់ ផ្គរ និងរន្ទះ ក៏ស្រាប់តែមានភ្នែកបន្ទោលឆ្វាចរន្ទះបាញ់គ្រាំងតែម្ដង បណ្ដាលឲ្យយុវជន រងរបួសដួលខ្ពកទៅលើដី ហើយសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាកានភ្លាមៗ ។
គួររំលឹកផងដែរថា មួយរយៈនេះ គ្រោះធម្មជាតិបានកើតឡើងស្ទើរគ្រប់តំបន់ នៃខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែង សម្ភារ ។ ល ។ រួមទាំងអាយុជីវិតមនុស្សសត្វជាបន្តបន្ទាប់ ដូច្នេះនៅពេលភ្លៀង ផ្គរ គួរណាស់នាំគ្នារកកន្លែងសុវត្ថិភាពផង ទោះជាគ្រោះធម្មជាតិ ក៏ពិតមែន តែយើងអាចការពារបានខ្លះៗដែរ ៕ ប៉ឹម ពិន