ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់ ប្រឡងចំរៀងសកលចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ មានការគាំទ្រពីសំណាក់ពលរដ្ឋនៅខេត្តស្វាយរៀង ស្តាប់មិនចេះជិនណាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់ប្រឡងចំរៀងសកល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ ដែលស្ទើរតែលិចបាត់ស្រមោលទៅហើយនោះ ត្រូវបានសារព័ត៌មានក្នុងស្រុក និងបណ្តាញសង្គមface book ជីកគាស់កកាយធ្វើឲ្យជីវិតសិល្បៈរបស់លោករស់ឡើងវិញ​ ដោយមានខាងទូរទស្សន៍មួយចំនួន បានអញ្ជើញលោកឲ្យឡើងច្រៀង ក្នុងកម្មវិធីផ្សេងៗផងដែរ ក្នុងនោះ ក៏មានសប្បុរសជនក្នុងស្រុក និងក្រៅស្រុក បាននិពន្ធបទចំរៀង ឲ្យលោកច្រៀងបានជាច្រើនបទ ហើយមានការបង្ហោះបទចំរៀងទាំងនោះ តាមបណ្តាញសង្គម facebook និង យូធូប ជាដើម មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនក្នុងការចូលមើល និងស្តាប់សំឡេងរបស់លោក ហើយនាំគ្នាសរសើរលោកមិនដាច់ពីមាត់ថា លោកបកស្រាយបទចំរៀង មរតកដើមយ៉ាងពិរោះ ។

ពាក់ពន្ធ័ទៅនឹងការសរសើរនូវទឹកដមសំឡេងរបស់លោក ឌី ថារ៉េន នេះដែរ ពលរដ្ឋខេត្តស្វាយរៀងមួយចំនួន ក៏ពេញចិត្តសំឡេងលោកឌី ថារ៉េន ហើយលោកយាយ លោកតា អុំ ពូ មីង ដែលចូលចិត្តស្តាប់បទចំរៀងមរកតដើម មានបទរបស់លោកអធិរាជសំឡេងមាសសុិន សុីសាមុត អុិន យ៉េន សុះម៉ាត់ អុឹងណារី ជា សាវឿន តូចតេង ជាដើមនោះ បានបញ្ជាក់ថា លោកឌី ថារ៉េនសំឡេងរបស់គាត់ពិរោះមួយបែប ដោយច្រៀងបទមរកតដើម បានយ៉ាងពិរោះល្អ និងសង្ឃឹមថា នឹងមានអ្នកនិពន្ធបទថ្មីៗ ឲ្យលោកច្រៀងដើម្បីបានបទ original song ដែលជាបទផ្ទាល់ខ្លួន ទើបអាចល្បីខ្លាំង ។

បើតាមអ៊ុំប្រុសឈ្មោះ ឈូក អាង រស់នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបានស្តាប់សំឡេងលោក ឌី ថារ៉េន ហើយលាន់មាត់ទាំងមិនដឹងខ្លួនថា ពិតជាពិរោះ មែនមិនដែលលឺទេ ទើបតែជួប និងស្តាប់សំឡេងបែបនេះកម្ររកណាស់ ។

អ៊ុំប្រុសបានបន្តថា សំឡេងឌី ថារ៉េន គឺជាសំឡេងធម្មជាតិ បើខិតខំរៀននិពន្ធ ទំនុកភ្លេងដែលធ្វើឡើង ជារបស់ខ្លួនរឹតតែល្អ ។ នៅក្នុងឱកាសជួបជាមួយសារព័ត៌មានលោក អ៊ុំ ឈូក អាងដែលធ្លាប់រស់នៅក្នុងសម័យចំរៀងខ្មែរដ៏ល្បីក្នុងទសវត្សរ៍ទី៦០ ដែលអ្នកចំរៀង និងអ្នកនិពន្ធនាសម័យកាលនោះ សុទ្ធតែអ្នកខ្លាំង ដោយនិពន្ធបទភ្លេង ទំនុកច្រៀងដោយខ្លួនឯង ហើយស្តាប់ហើយមិនងាយសាបសូន្យល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ ។ លោកអ៊ុំបញ្ជាក់ថា ចង់ជួបឌី ថារ៉េន ព្រោះសំឡេងនេះ មិនងាយរកទេ យ៉ាងហោចណាស់ឲ្យ ថារ៉េន ច្រៀងគោកឲ្យស្តាប់មួយបទ ក៏អស់ចិត្តដែរ ។

ចំណែកអ្នកផឹកកាហ្វេ នៅតាមហាងកាហ្វេមួយចំនួន នៅក្រុងស្វាយរៀងបានស្តាប់សំឡេងលោក ឌី ថារ៉េន ច្រៀងបង្ហោះតាម facebook យូធូប ដូចជាបទភ្នំភ្លើងស្នេហា ជាបទរបស់លោក សុះម៉ាត់ នាំគ្នាសរសើរលោកថា បានបកស្រាយយ៉ាងពិរោះ មានការចូលមើលរាប់សែននាក់ផងដែរ ។

សូមបញ្ជាក់ថា លោក ឌី ថារ៉េន ក៏ត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងកម្មវិធីចំរៀងមហាគ្រួសារខ្មែរ សម្តេច បានសរសើរនូវទឹកដមសំឡេងរបស់លោកផងដែរ និងចង់លើកស្ទួយរូបលោកឲ្យបានច្រៀងបទចំរៀងរបស់សម្តេចនាពេលខាងមុខ ដែលជំនួសអ្នកចំរៀងរបស់សម្តេច គឺលោក យិន សារិន ទទួលមរណភាព និងលោក សួស សងវាចា បានពិការដោយជំងឺលើសឈាមដែលមិនអាចច្រៀងកើត ។

លោកឌី ថារ៉េន ម្ចាស់ពានរង្វាន់ចំរៀងសកល ចំណាត់ថ្នាក់លេខ១ ដែលកំពុងរស់នៅខេត្តកំពត បានថ្លែងប្រាប់ភ្នាក់ងារប្រចាំខេត្តស្វាយរៀងឲ្យដឹងថា ស្របពេលរដូវវស្សាខិតជិតចូលមកដល់ ទីផ្សារចំរៀងរបស់លោកពុំសូវមានគេហៅច្រៀងនោះទេ ជាពិសេសក្រុមវង់ភ្លេង ដែលលោកច្រៀងប្រចាំខេត្តកំពត ហើយខាងទូរទស្សន៍ ក៏ពុំសូវមានដែរ មិនតែប៉ុណ្ណោះ លោកក៏បានត្អូញត្អែរថា ខែវស្សានេះ មានតែចាប់យកមុខរបរចាស់ហើយមើលទៅ គឺដើរលក់កូនទារដូចមុនទៀតហើយ ។

លោកបានបញ្ជាក់ថា កាលពីខែប្រាំង មានគេហៅច្រៀងច្រើនដែរ ទាំងខាងទូរទស្សន៍ តាមរោងការ និងច្រៀងបទចំរៀង គេនិពន្ធឲ្យច្រៀង ក្នុងនោះក៏ បានចូលច្រៀងជាមួយក្រុមសិល្បៈអង្គរក្សសម្តេចតេជោផងដែរ តែជិតចូលខែវស្សាដូចស្ងាត់ ។

លោកឌី ថារ៉េន ក៏ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនដែល សម្តេចទាំងពីរតែងតែសណ្តោសប្រណីដល់សិល្បករ សិល្បការិនីទាំងអស់នៅទូទាំងប្រទេស ជាពិសេសបានគាំទ្ររូបលោកនាពេលកន្លងមក ៕ យឹម សុថាន


ចែករំលែក៖