ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលវាយប្រហារទីតាំងយោធាស៊ីរី ក្រោយពេលទាហានស៊ីរីដណ្តើមគ្រប់គ្រងទីតាំង​ កាហ្វាណាប៊ូដា

ចែករំលែក៖

ទាហានស៊ីរី ក្រោយការជួយអន្តរគមន៍ពីក្រោយរបស់រុស្ស៊ីបានដណ្តើម ទីតាំងជាច្រើនពីក្រុមឧទ្ទាម មកគ្រប់គ្រងវិញ ។ ជាមួយគ្នានោះ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី​។

កាលពីថ្ងៃទី​២៧ ខែឧសភា កម្លាំងទាហានអាកាស អ៊ីស្រាអែល​បានបើកការវាយប្រហារទៅលើ ទីតាំងមីស៊ីលការពារដែនអាកាសស៊ីរី​ ជាការសងសឹក ក្រោយមីស៊ីលការពាររបស់ស៊ីរី វាយប្រហារទៅលើយន្តហោះ ចម្បាំង អ៊ីស្រាអែល ។

កាលពីថ្ងៃទី​២៧ ខែឧសភា ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ​បានបញ្ជាក់ថា «កាលពីម្សិលមិញ​ទាហានស៊ីរីបានវាយប្រហារ យន្តហោះអ៊ីស្រាអែល តែមិនបានជោគជ័យ ។ កម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយប្រហារ ទៅលើទីតាំង មីស៊ីលការពាររបស់ស៊ីរី ជាការតប់តវិញ»។

កន្លងមក អ៊ីស្រាអែលក៏បានបើកការវាយប្រហារដោយមីស៊ីល​ទៅលើទីតាំង នៅក្នុងខេត្ត​ Quneitra ភាគខាងលិច ប្រទេសនេះ​ ។ សារព័ត៌មាន​ SANA ​របស់ស៊ីរីបានផ្សាយថា មានទាហានស៊ីរី ម្នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រអែល ​។

កន្លងមក អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើកទៅលើទីតាំង ក្នុងទឹកដីស៊ីរី ភាគច្រើនគឺសម្តៅទៅលើទីតាំង មិស៊ីល​របស់អ៊ីរ៉ង់​ និងក្រុម Hezbollah ។

ពេលថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានរំដោះគ្រប់គ្រងភូមិ នៅភាគពាយព្យមកវិញ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានបាត់បង់ភូមិនេះ ទៅក្នុងដៃពួកសកម្មប្រយុទ្ធ កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារ ដណ្ដើមគ្រប់គ្រងតំបន់កាហ្វាណាប៊ូដាជាលើកដំបូងនៅថ្ងៃទី៨ ខែឧសភា បន្ទាប់មកក៏បានបាត់បង់តំបន់នេះទៅវិញកាលពីថ្ងៃពុធ ទី២២កន្លងទៅ។

ទូរទស្សន៍រដ្ឋបានឲ្យដឹងថា កងទ័ពបានរំដោះគ្រប់គ្រងតំបន់កាហ្វាណាប៊ូដា មុនពេលល្ងាចពីពួកសកម្មប្រយុទ្ធក្នុងចំណោមពួកគេទាំងនោះ មានទាំងសមាជិកក្រុមហាយ៉ាតតារីអាល់សាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាន ក្នុងប្រទេសអង់គ្លេសរបស់ក្រុមប្រឆាំងបានរាយការណ៍ថា ពួកសកម្មប្រយុទ្ធបានបាត់បង់ភូមិគ្រប់គ្រង ដែលស្ថិតនៅជ្រុងភាគពាយព្យខេត្តអ៊ីតលីប ជាមូលដ្ឋានរឹងមាំរបស់ពួកឧទ្ទាមសំខាន់ចុងក្រោយនៅក្នុងប្រទេសនេះ។

ក្រុមឃ្លាំមើលបាននិយាយថា កងកម្លាំងស៊ីរីបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រើប្រាស់គ្រាប់ទម្លាក់ធំៗជាខ្សែ និងការបាញ់ផ្លោងកាំភ្លើងធំ ដើម្បីរំដោះយកភូមិនេះមកគ្រប់គ្រងវិញ។ ក្រុមឃ្លាំមើលបន្តថា ការវាយប្រហារតំបន់កាហ្វាណាប៊ូដានៅជុំចុងក្រោយបំផុត បានសម្លាប់ពួកសកម្មប្រយុទ្ធ ២៨នាក់ និងក៏បានធ្វើឲ្យកងទ័ព និងក្រុមប្រដាប់អាវុធគាំទ្ររដ្ឋាភិបាល ១៦នាក់ស្លាប់ផងដែរ៕


ចែករំលែក៖