ព័ត៌មានទាន់ហេតុការណ៍៖

មួយសប្តាហ៍ទៀតចូលរោងការ បែរជាកូនក្រមុំស្លាប់ ប៉ូលិសកោសល្យវិច័យថា ជាករណីចងកធ្វើអត្តឃាត តែក្រុមគ្រួសារថា ករណីឃាតកម្ម ឬ ទារុណកម្ម ឈានដល់ការបាត់បង់ជីវិត

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីវ័យជំទង់ម្នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧យប់ ដោយសមត្ថកិច្ចនគរបាលធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ជាករណីចងកធ្វើអត្តឃាត ប៉ុន្តែក្រោយពីបានដឹកសាកសពទៅដល់គេហដ្ឋានឪពុកម្ដាយរបស់សពនៅក្នុងខេត្តបាត់ដំបង ស្រាប់តែលេចចេញនូវស្លាកស្នាមមិនប្រក្រតី ជាច្រើនកន្លែង នៅលើក្បាល និងខ្លួនប្រាណជនរងគ្រោះ ធ្វើឲ្យក្រុមគ្រួសារយល់ឃើញថា ជាករណីមិនប្រក្រតីទៅវិញ ។

ហេតុការណ៍នេះ កើតឡើងនៅផ្ទះគូរដណ្តឹងខាងប្រុស ស្ថិតនៅ ភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះឈ្មោះ សុខ វិច្ឆិការ ភេទ ស្រី អាយុ ២៨ ឆ្នាំ មានផ្ទៃពោះ ៤ ខែ ទៀតផង រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការឲ្យដឹងពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សុខស្រីណុច បានឲ្យដឹងថា មុនពេលកើតហេតុ គឺបងស្រីរបស់ខ្លួន ឈ្មោះ សុខ វិច្ឆិកា បានប្រាប់ខ្លួនថា គូរដណ្តឹងគាត់បាន វាយធ្វើបាបយ៉ាងដំណំ វាយក្បាលផង គុម្ពត្រចៀកផង ពីសំណាក់អនាគត ស្វាមី ដែលត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខនេះ ហើយខណៈនោះ បងស្រីខ្លួនត្អូញថា មានអាការឈឺក្បាលវិលមុខយ៉ាងខ្លាំង ។

គ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទៀតថា នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់នឹងធ្វើដំណើរទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីស្នើសុំបើកការស៊ើបអង្កេត និងកោសល្យវិច័យឡើងវិញករណីនេះ ព្រោះពួកខ្លួនយល់ថា ករណីនៃការស្លាប់របស់ជនរងគ្រោះនេះ គឺមានភាពមិនប្រក្រតីជាច្រើន ដោយសង្ស័យថា ជាអំពើឃាតកម្ម ឬក៏ការធ្វើទារុណកម្មឈានដល់ការបាត់បង់ជីវិត ។

គ្រួសារជនរងគ្រោះ បានអំពាវនាវសុំយ៉ាងទទូច ដល់សមត្ថកិច្ចនគរបាលខេត្តសៀមរាប មេត្តា ជួយរកយុត្តិធម៌ដើម្បីបញ្ជាក់ការពិត ជូនក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌នេះផង ។

គួរបញ្ជាក់ផងដែរថា ឥឡូវនេះ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យនៅឯគេហដ្ឋានរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំ បន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានមិនទាន់អាចសុំការបកស្រាយអំពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឡើយទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖