ភ្នំពេញ៖ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិតបានធ្វើ ឲ្យបុរសជនជាតិអាមេរិកាំងម្នាក់ សេបថ្នាំញៀននៅក្នុងបន្ទប់សណ្ឋាគារ បណ្ដាលឲ្យគាំងបេះដូងស្លាប់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ ហូមថោន(Home town)ផ្ទះលេខ៣៥E0 ជាន់ទី៥ បន្ទប់លេខ៥០៣ ផ្លូវលេខ១៧២ ក្រុមទី១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពឈ្មោះ DAUGHERTY ARRON RENE ជនជាតិអាមេរិក (United States of America) ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៤៨៦៩៦៩៤២៤ស្នាក់នៅកន្លែងកើតហេតុ ។
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសព ។
យោតាមប្រភពពីមន្រ្តីជំនាញខណ្ឌដូនពេញ បានឲ្យដឹងថា ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (បណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទម៉កហ្វីន) ។
ចំណែកសម្ភារសពរួមមាន ទូរស័ព្ទ(មិនស្គាល់ម៉ាក) ពណ៌ខ្មៅចំនួន០១គ្រឿង កាតធនាគារ(ATM) ចំនួន០១សន្លឹក លុយដុល្លារចំនួន១៦ដុល្លារអាមេរិក អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក និងខោអាវមួយចំនួនបានប្រគល់ឲ្យការិយាល័យអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រង ។
បច្ចុប្បន្នសព ត្រូវបានកម្លាំងជំនាញបច្ចេកទេស បានដឹកយកទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី) ៕ ស តារា