ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូលក់ឈើនៅអមសងខាងផ្លូវ៣៦៩ តំបន់ច្រាំងបាក់ ធ្វើឲ្យអ្នកដំណើរក្តៅក្រហាយ

ចែករំលែក៖

ភ្នំពេញ៖ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំនិងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ នៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតទៅដល់ច្រាំងបាក់មានចម្ងាយប្រហែលជា១០០០ម៉ែត្រ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសងខាងផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែង បានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធន់ធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចររៀងរាល់ថ្ងៃ ។

អ្វីដែលធ្វើឲ្យមហាជនរិះគន់ខ្លាំងជាងគេនោះ គឺតំបន់លក់ឈើតែម្តងថ្ងៃណាក៏ដូចថ្ងៃណាដែរ ពោរពេញរថយន្តដឹកឈើធន់ធ្ងន់ចូលទៅដាក់ឈើចុះ និងដឹកឈើចេញ ពេលខ្លះឈប់ចតទន្ទឹមគ្នាធ្វើឲ្យស្ទះចរាចរ ។ កំណាត់ផ្លូវបេតុងនៅកន្លែងលក់ឈើបានក្លាយជាទីចំណតសម្រាប់រថយន្តដឹកឈើ របស់ម្ចាស់ដេប៉ូឈើដោយមិនគិតថាទង្វើបែបនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ ចង់មហាជនរិះគន់រិចមាត់ក៏មិនខ្វល់ដែរ ។ ផុតពីកន្លែងដេប៉ូឈើ ក៏មានដេប៉ូអេយចាយ១កន្លែងទៀតកំពុងតែធ្វើឲ្យអ្នកដំណើរមិនពេញចិត្តផងដែរ ដោយសារម្ចាស់ដេប៉ូអេតចាយយកផ្លូវបេតុងធ្វើជាកន្លែងដាក់ដែកអេតចាយគ្រប់ប្រភេទ ។ មួយចំនុចទៀតហាងកាហ្វេនៅអមសងខាងផ្លូវ ក៏បានយកចំណែកផ្លូវលេខ៣៦៩ធ្វើជាកន្លែងចតម៉ូតូផងដែរ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ តំបន់ដេប៉ូលក់ឈើនេះដែរ កន្លងមកលោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ ប្តេជ្ញា​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ឱ្យ​ល្អប្រសើរ​ ព្រោះ​ជា​ប្រយោជន៍​រួម​របស់​សង្គម​ជាតិ​ទាំង​មូល​ ទោះ​បី​មានការ​ប្រឈម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ។ ប្រជាពលរដ្ឋខ្លះ​​រិះគន់​ ឬ​ជេរប្រមាថ​ អាជ្ញាធរ​ ពេល​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ម្ដង​ៗ​ ។ ប៉ុន្តែ​ជាក់ស្តែង​ប្រជាពលរដ្ឋទាំងនេះ​​ទៅ​វិញ​ទេ​ ដែល​ជា​អ្នក​ទទួល​ផល​ល្អ​ពី​ការ​រៀបចំ​សណ្តាប់​ធ្នាប់​នេះ​ដដែល​ ។

ការ​រៀបចំ​សណ្តាប់​ធ្នាប់​នេះ​ គឺ​ មិន​បាន​ចំណេញ​អ្វី​ទាល់​តែ​សោះ​ ដល់​គណៈ​អភិបាល​ខណ្ឌ​ តែ​វា​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ ទាំង​អ្នក​ជិះ​រថយន្ដ​ ជិះ​ម៉ូតូ​ អ្នក​ថ្មើរជើង​ និងម្ចាស់ទីតាំង ជាដើម​ ។ ពេល​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ បាន​ល្អ​ ការធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​រលូន​ទៅ​តាម​នោះដែរ​ គឺ​ចំណេញ​ពេលវេលា​ ដែល​គ្មាន​អ្វី​ដែល​អាច​ទិញ​ពេលវេលា​បានទេ​ ។

លោក​អភិបាលខណ្ឌបានសង្កត់​ធ្ងន់​ ថា​ ទោះបី​ជា​ប្រឈម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ក៏​គណៈ​អភិបាល​សម្រេច​ចិត្ត​រួម​គ្នា​ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ មិន​រាថយ​ដាច់ខាត​ ចំពោះ​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យ​ល្អប្រសើរ​ ព្រោះ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ ។ជាពិសេសផ្លូវ​៣៦៩​ចាប់​គល់​ស្ពាន​ព្រះមុនីវង្ស​ដល់​ច្រាំង​បាក់​ និង​ មុខ​ផ្សារ​ព្រែក​ឯង​ជា​ដើម​ គឺ​ ជា​មុខសញ្ញា​នៃ​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យ​ខាន​តែ​បាន​ ៕ សណ្តោស


ចែករំលែក៖