ភ្នំពេញ៖ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំនិងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ នៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតទៅដល់ច្រាំងបាក់មានចម្ងាយប្រហែលជា១០០០ម៉ែត្រ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសងខាងផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែង បានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធន់ធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចររៀងរាល់ថ្ងៃ ។
អ្វីដែលធ្វើឲ្យមហាជនរិះគន់ខ្លាំងជាងគេនោះ គឺតំបន់លក់ឈើតែម្តងថ្ងៃណាក៏ដូចថ្ងៃណាដែរ ពោរពេញរថយន្តដឹកឈើធន់ធ្ងន់ចូលទៅដាក់ឈើចុះ និងដឹកឈើចេញ ពេលខ្លះឈប់ចតទន្ទឹមគ្នាធ្វើឲ្យស្ទះចរាចរ ។ កំណាត់ផ្លូវបេតុងនៅកន្លែងលក់ឈើបានក្លាយជាទីចំណតសម្រាប់រថយន្តដឹកឈើ របស់ម្ចាស់ដេប៉ូឈើដោយមិនគិតថាទង្វើបែបនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ ចង់មហាជនរិះគន់រិចមាត់ក៏មិនខ្វល់ដែរ ។ ផុតពីកន្លែងដេប៉ូឈើ ក៏មានដេប៉ូអេយចាយ១កន្លែងទៀតកំពុងតែធ្វើឲ្យអ្នកដំណើរមិនពេញចិត្តផងដែរ ដោយសារម្ចាស់ដេប៉ូអេតចាយយកផ្លូវបេតុងធ្វើជាកន្លែងដាក់ដែកអេតចាយគ្រប់ប្រភេទ ។ មួយចំនុចទៀតហាងកាហ្វេនៅអមសងខាងផ្លូវ ក៏បានយកចំណែកផ្លូវលេខ៣៦៩ធ្វើជាកន្លែងចតម៉ូតូផងដែរ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ តំបន់ដេប៉ូលក់ឈើនេះដែរ កន្លងមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញារៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យល្អប្រសើរ ព្រោះជាប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល ទោះបីមានការប្រឈមខ្លាំងប៉ុណ្ណាក៏ដោយ ។ ប្រជាពលរដ្ឋខ្លះរិះគន់ ឬជេរប្រមាថ អាជ្ញាធរ ពេលចុះរៀបចំសណ្តាប់ធ្នាប់ម្ដងៗ ។ ប៉ុន្តែជាក់ស្តែងប្រជាពលរដ្ឋទាំងនេះទៅវិញទេ ដែលជាអ្នកទទួលផលល្អពីការរៀបចំសណ្តាប់ធ្នាប់នេះដដែល ។
ការរៀបចំសណ្តាប់ធ្នាប់នេះ គឺ មិនបានចំណេញអ្វីទាល់តែសោះ ដល់គណៈអភិបាលខណ្ឌ តែវាជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ទាំងអ្នកជិះរថយន្ដ ជិះម៉ូតូ អ្នកថ្មើរជើង និងម្ចាស់ទីតាំង ជាដើម ។ ពេលរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានល្អ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏រលូនទៅតាមនោះដែរ គឺចំណេញពេលវេលា ដែលគ្មានអ្វីដែលអាចទិញពេលវេលាបានទេ ។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ ថា ទោះបីជាប្រឈមខ្លាំងប៉ុណ្ណាក៏ដោយ ក៏គណៈអភិបាលសម្រេចចិត្តរួមគ្នា ប្តេជ្ញាចិត្តរួមគ្នា មិនរាថយដាច់ខាត ចំពោះការរៀបចំសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ ព្រោះជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ។ជាពិសេសផ្លូវ៣៦៩ចាប់គល់ស្ពានព្រះមុនីវង្សដល់ច្រាំងបាក់ និង មុខផ្សារព្រែកឯងជាដើម គឺ ជាមុខសញ្ញានៃការរៀបចំសណ្តាប់ធ្នាប់ឱ្យខានតែបាន ៕ សណ្តោស