ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ពីបទប្រើអំពើហិង្សាកាប់នឹងកាំបិត ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស ។
នគរបាលបញ្ជាក់ សាច់រឿងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ មានករណីហិង្សាដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ឈឿន រតនី ហៅឆានី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ,ឃុំកើតហេតុខាងលើ និងឈ្មោះ ព្រំ ប៊ុណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានទីលំនៅដូចគ្នា) បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ តាំង ទីន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ធ្វើស្រែចំការ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លាស្រុកព្រៃនប់ ត្រូវ ដើមទ្រូងខាងស្តាំមួយកាំបិត របួសធ្ងន់ ។
ប្រភបន្តថា ពេលកាប់រួច ឈ្មោះ ឆានី បានរត់គេចខ្លួនបាត់ ដោយឡែកឈ្មោះ ព្រំ ប៊ុណ្ណា លុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ក៏បានយកកាំបិតទៅដេញកាប់ជនរងគ្រោះ ឈ្មោះ និត ចេង ភេទ ប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅចំណុចកើតហេតុម្ដងទៀត ប៉ុន្តែកាប់មិនត្រូវ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ព្រំ ប៊ុណ្ណា ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ