ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រាយការខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់ ខណៈដែលបុរសរងគ្រោះបានចុះឆក់ត្រីក្នុងស្រះទឹកនៅខាងក្រោយផ្ទះប្រមាណ២០០ម៉ែត្រ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣៦នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកបល័្លង្ក ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហេង ធី អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុបុរសនោះបានតខ្សែភ្លើងចេញក្នុងផ្ទះដើម្បីឆក់ត្រីដោយតភ្ជាប់ជាមួយឧបករណ៍ឆក់ ។ ខណៈដែលជនរងគ្រោះបានចុះឆក់ត្រីក្នុងស្រះក៏ស្រាប់តែក៏បណ្តាលឲ្យឆ្លងចរន្តឆក់ខ្លួនឯងស្លាប់នៅក្នុងស្រះទឹកនោះតែម្នាក់ឯងគ្មាននរណាដឹងឡើយ ។ លុះមួយសន្ទុះក្រោយមកកូនស្រីអាយុប្រហែល១០ឆ្នាំបាត់ឳពុកយូរមិនឃើញ ក៏ដើរទៅចំណុចស្រះទឹក ប្រទះឃើញបុរសជាឳពុកស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសាច់ញាតិ ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យដឹងទៀតថា ក្រោយពីមានករណីមនុស្សស្លាប់នោះហើយកម្លាំងនគរបាលប៉ុស្ថិ៍រដ្ឋបាល ក៏បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យវិភាគ គឺសពជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងនោះពិតប្រាកដ ។ សពជនរងគ្រោះបន្ទាប់មកត្រូវបានគ្រួសារយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា