ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ដែលមានផ្ទៃពោះចំនួន៣ខែមកហើយដោយសារតែអស់កម្លាំងពេកក៏ទិញភេសជ្ជៈខារ៉ាបាវ មួយកំប៉ុង និងពងទាកូន២គ្រាប់ មកហូបស្រាប់តែរឹងថ្គាម ថប់ណែនស្ទះដង្ហើម សន្លប់បាត់មាត់ក មិនដឹងថា មកពីមូលហេតុអ្វី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះជួលក្នុងភូមិភា សង្កាត់ប្រទះឡាង ។
ស្ត្រីខាងលើឈ្មោះ ចែត ចិន្តា អាយុ៤២ឆ្នាំ មុខរបរ នៅផ្ទះ កំពុងមានផ្ទៃពោះ៣ខែ មានប្តីឈ្មោះ នីម ធី អាយុ៤៨ឆ្នាំ មុខរបរ សន្តិសុខ មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ មានស្រុកកំណើត ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីលំនៅផ្លូវលំ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ តែទៅជួលផ្ទះស្នាក់នៅចំណុចខាងលើ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូងផង ហើយកំពុងមានផ្ទៃពោះ៣ខែទៀត មុនពេលកើតហេតុ ជនរងគ្រោះត្អូញថា អស់កម្លាំងហេវហត់ រួចក៏ដើរទៅទិញ ភេសជ្ជៈ ខារ៉ាបាវ១កំប៉ុង និងពងទាកូន២គ្រាប់ មកហូប លុះហូបអស់ មិនដឹងថាមកពីអ្វី ឬប្រតិកម្មយ៉ាងដូចម្តេចនោះទេ បែរជារឹងថ្គាម ថប់ស្ទះដង្ហើម សន្លប់ស្តូក ទើបផ្អើលឆោឡោ ពលរដ្ឋក្នុងភូមិ ទូរស័ព្ទ ហៅរករថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕ សុខាសែនជ័យ