ព័ត៌មានទាន់ហេតុការណ៍៖

តណ្ហាឡើងខ្លាំង ទប់មិនជាប់ ចូលទៅចាប់ប្រពន្ធគេដល់ក្នុងបន្ទប់ជួលរំលោភ តែនាងស្រែក ប្រជាជនចោមរោមចាប់ឲ្យសមត្ថកិច្ចវ៉ៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​បន្ទាប់ពីជនសង្ស័យម្នាក់បានទៅចាប់រំលោភនារីម្នាក់ជាប្រពន្ធគេ កំពុងបោសដីក្នុងបន្ទប់ជួល តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ ជនសង្ស័យខាងលើមានឈ្មោះ រស់ នៅ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្ដព្រៃវែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស.ណ.ប អាយុ ២០ឆ្នាំមុខរបរ នៅផ្ទះ មានកូនស្រីម្នាក់ អាយុ២០ខែ ឯប្ដីធ្វើការជាងដែក ។​

សមត្ថកិច្ចបានបន្ដទៀតថា៖ មុនពេលកើតហេតុជនរងគ្រោះកំពុងបោសដីក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន ដោយមិនបានបិទទ្វារទេ ដោយចៃដន្យស្រាប់តែពេលនោះ លេចមុខជនសង្ស័យម្នាក់ខាងលើបានដើរចូលមកចាប់កជនរងគ្រោះ​និងលូកស្ទាប ប៉ុនប៉ុងចាប់រំលោភ ប៉ុន្ដែមិនបានសម្រេចក៏ត្រូវជនរងគ្រោះស្រែក ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចំណុចកើតហេតុ ជួយឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចយកមកសាកសួរនៅប៉ុស្ដិ៍តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ដោយសារតែតណ្ហាឡើងខ្លាំងពេក ទប់មិនជាប់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួច សមត្ថកិច្ចបានយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕ ជីម​ ភារ៉ា


ចែករំលែក៖