ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៅតែរកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល១៥គីឡូក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំនួន១៥គីឡូក្រាមត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យឃើញ ក្នុងផ្សារវាលយន្តក្រុងស្វាយរៀងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ។

បើតាមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមហូបនំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងមានអ្នកបរិភោគ នំបញ្ចុកមានការកើនឡើងខ្លាំង ដោយនៅតាមហាងលក់នំបញ្ចុក បណ្តាស្រុកក្រុងនៃខេត្តស្វាយរៀងមានមនុស្សម្នានាំគ្នាហូបនំបញ្ចុកយ៉ាងច្រើន ធ្វើឲ្យអ្នកលក់បានប្រាក់ចំនេញញញឹមបិទមាត់មិនជិត។

លោកបន្តថា ការចុះពិនិត្យមើលទំនិញ និងបន្លែល្បោយនំបញ្ចុក ដើម្បីរកមើលសារធាតុគីមី និងអនាម័យក្នុងការផលិត ក្នុងគោលបំណងដើម្បី ធានាឲ្យបានចំពោះសុវត្តិភាពអ្នកបរិភោគ ។

បន្ទាប់ពីបានពិនិត្យ និងធ្វើតេស្តបឋមទៅលើ បន្លែជាល្បោយនំបញ្ចុកនិងត្រីងៀតបបែល ក្នុងផ្សាវាលយន្តដោយក្នុងនោះមន្ត្រីជំនាញយើងបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ចំនួន១៥គីឡូក្រាម ចំណែកឯ បន្លែជាប្រភេទល្បោយ ប្រហុក ផ្អក ត្រីងៀត គឺមិនមានសារធាតុគីមីនោះទេ ។

លោកបានបន្តថា ចំពោះការរកឃើញត្រីងៀតបបែលមានសារធាតុគីមីមន្ត្រីជំនាញយើងបានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីដុតបំផ្លាញចោល ។

ទន្ទឹមនឹងនេះមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារវាលយន្តក្រុងស្វាយរៀងត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញ ដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលជាអ្នកបរិភោគ ខណះការបរិភោគត្រីងៀតបបែលមានសារធាតុគីមីប៉ូរ៉ាក់នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរនិងអាចស្លាប់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖