ភ្នំពេញ៖ លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី បេសកកម្មពិសេស បានផ្តល់កិត្តិយសអញ្ជើញពិសានំបញ្ចុក ឯកភាពជាតិ សាមគ្គីជាតិ ជាមួយបងប្អូននៅស៊ូរ៉ាវភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និង នៅវិហារនូរ៉ុនណាអ៊ីម គម.៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមទឹកមុខសប្បាយរីករាយនៃម្លប់សុខសន្តិភាព ដែលនាំមកដោយគណបក្សប្រជាជនកម្ពុជា។ ពិធីហូបនំបញ្ចុក ឯកភាពជាតិ សាមគ្គីជាតិ ជាមួយបងប្អូនសាសនិកឥស្លាមជាង៥០០នាក់ នៅច្រាំងចំរេះ២នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ ៧កើតខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ មិថុនា ឆ្នាំ ២០១៩ នៅវិហាឥស្លាមគីឡូម៉ែត្រលេខ៨ ។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បេសកកម្មពិសេស បានបញ្ជាក់ថា ៖ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី សញ្ញាណនំបញ្ចុកជាតិ របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។ លោកបន្ដថា៖ ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា ដើម្បី សុខភាពរឹងមាំ ជីវភាពធូធារ សុភមង្គលគ្រួសារ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុនសែនបានអំពាវនាវឲ្យ បងប្អូនខ្មែរឥស្លាម និងគ្រឹស្ទសាសនា ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ២០១៩នេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ ។ សម្ដេចក៏បានអំពាវនាវសូមកុំយកឱកាស នៃកាហូបនំបញ្ចុកនេះជាឱកាសនៃការលាបពណ៌ដាក់គ្នា ជា ពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ ក្នុងនោះសម្ដេចតេជោថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នា ៕ សំរិត