ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែជួយសម្រួលចរាចរណ៍កុំឲ្យស្ទះសោះ បែរជាចុះមកច្របាច់កក្រឡាបញ្ជីម្នាក់ផ្អើលឆុល

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ជាក្រឡាបញ្ជី ជិះម៉ូតូ PCX មួយគ្រឿង​ ឃើញរថយន្តមួយគ្រឿងបត់ចេញមក ក៏មានចិត្តឈប់ម៉ូតូ ចុះទៅជួយបញ្ចៀសចរាចរណ៍កុំស្ទះ ឲ្យបើកទៅផុត​ កុំឲ្យទើសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿងទៀត មកឈប់រថយន្ត ហើយចុះមក​សម្លុតថា​ (ហ៊ែងចេះស្អី) រួចក៏រុញម៉ូតូឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នា រំខានដល់ការដេកពួនរបស់ប្រជាពលរដ្ឋ​ បើកទ្វារចេញមកចោមរោមមើលព្រោងព្រាត និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍​ទាំងយប់ ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង​នៅវេលាម៉ោង​ ២២និង៤០នាទី​ ថ្ងៃអាទិត្យ​ ទី០៩​ ខែមិថុនា​ ឆ្នាំ២០១៩ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ ផ្លូវបេតុងគ្មានលេខ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេ​ឃើញ បុរសម្នាក់​ទំនងជាស្រវឹងស្រា​ជោកជាំ​ បានបើករថយន្តមួយគ្រឿង​ ប្រភេទមួយបាំងកន្លះ ម៉ាក TOYOTA TACOMA​ ពណ៌ស​ បិទពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 2T-5737 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង​ ក្រោយវត្តស្ទឹងមានជ័យ​ ទិសដៅពីត្បូងទៅជើង​ លុះដល់ចំណុចកើតហេតុ​ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿង​ទៀត (មិនចាំម៉ាក​)​ បានបើកចេញមក​ ហើយឃើញបុរសម្នាក់ ជិះម៉ូតូ PCX មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 1GR-1659 មកឈប់ម៉ូតូអែបពីក្រោយ រួចចុះដើរទៅជួយបញ្ចៀសឲ្យបើកទៅផុត​ កុំឲ្យទើសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿងទៀត ខឹងមិនបានទៅមុន​ ទើបឈប់រថយន្ត ហើយចុះមក​សម្លុតថា​ (ហ៊ែងចេះស្អី) រួចក៏រុញម៉ូតូ PCX នោះឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នាឡើង បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ​ ទើបនាំគ្នាបើកទ្វារចេញមកចោមរោមមើល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ចុះមកជួយអន្តរាគមន៍​ទាំងយប់ ។

ក្រោយមកគេឃើញ​សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ចុះមកកន្លែងកើតហេតុ​ ហើយបានសួរនាំភាគីទាំងសងខាង​ និងបងប្អូនប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុ​ ហើយភាគីទាំងសងខាង​នៅតែប្រកែកគ្នា​ ដោយម្ខាងអាងខ្លួន​ជា​ក្រឡាបញ្ជី​សាលាដំបូងរាជធានី និងម្ខាងអាងមានខ្នងធំ ទើបឡាំប៉ាមិនសុខចិត្តរៀងខ្លួន​ បង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង​ រហូតមានក្រុមអ្នកសារព័ត៌មានជាច្រើននាក់មកដល់បន្តបន្ទាប់គ្នា​ ហើយបានសួរនាំឲ្យភាគីខាង​ម្ចាស់ម៉ូតូ​រៀបរាប់ប្រាប់​ពីដំណើររឿងហេតុ​បានដឹងហើយ​ ក៏នាំគ្នាទៅសាកសួរ​ បុរសដែលស្រវឹងស្រា​ ជាអ្នកបើករថយន្ត TACOMA នោះ​ តែបុរសនោះ​ ប្រាប់តែមួយម៉ាត់ពីរម៉ាត់​ ហើយព្យាយាមដើរគេចចេញបាន​បន្តិច​ ក៏មានបុរសម្នាក់ទៀត​ដែលអះអាង​ថា ជាអ្នកស្គាល់គ្នាជាមួយម្ចាស់រថយន្តខាងលើ​ មករៀបរាប់ប្រាប់​ថា​ ភាគីទាំងសងខាង​សុទ្ធតែស្រវឹងរៀងខ្លួន​ ដូច្នេះហើយ​ទើបបានជា​ពិបាកនិយាយគ្នា​បែបនេះ ។

ប្រភពបន្តថា​ ភ្លាមនោះ​បុរសដែលស្រវឹងស្រា​នោះ​ ដើរត្រឡប់មកវិញ​ រួចឡើងបញ្ឆេះរថយន្ត​ ទោះជាសមត្ថកិច្ចព្យាយាមរារាំងឃាត់រថយន្តដែរ​ តែបុរសនោះ​មិនខ្វល់ឡើយ​ បានជាន់ហ្គែរបើករថយន្តចេញទៅ​កៀរទាំងសមត្ថកិច្ចនគរបាលដែលកំពុងរារាំង​នោះ​ស្ទើរដាច់ផ្ងារ​ តែមិនបណ្ដាលឲ្យរបួសនោះទេ​ ហើយក៏បើកចេញទៅលឿនស្លេវតែម្ដង​ ។ ភ្លាមនោះក៏មាន​ក្រុមអ្នកយកព័ត៌មាន​ចេញម៉ូតូជិះប្រដេញតាមពីក្រោយដែរ​ តែដោយសារតែ​មិនសូវស្គាល់ផ្លូវក្នុង​ភូមិសាស្ត្រ​នេះច្បាស់​ ទើបរថយន្តបើកទៅបាត់ស្រមោលឈឹង ។

បច្ចប្បន្នក្រោយពេលកើតហេតុ​ បុរសវ័យចំណាស់ដែលអះអាងថាខ្លួន​ ជាក្រឡាបញ្ជី​នៅសាលាដំបូងរាជធានីភ្នំពេញ​ បានប្រាប់ថា​ លោកនិងយកវិដេអូ​សកម្មភាព​នៅក្នុង​កាមេរ៉ាសុវត្ថិភាព​(Go Pro)​ ដែលភ្ជាប់លើមួកសុវត្ថិភាពរបស់លោក​ យកមករៀបចំជាឯកសារ​ រួចទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១នៅព្រឹកស្អែក ៕ ភារ៉ា ដង្កោ


ចែករំលែក៖