ព័ត៌មានទាន់ហេតុការណ៍៖

បទ ស្មានថាគេស្រឡាញ់យើង របស់ជ័យ សុវ៉ាត ពីរោះហើយថតទេសភាពស្អាតខ្លាំងនៅ ប្រទេសស៊ី្វសទៀតផង

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តសម្រាប់បទចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេងជ័យ សុវ៉ាត ដែលមិនត្រឹមតែបង្ហើរសំនៀងបានយ៉ាងពីរោះទេ សូម្បីតែទេសភាពស្អាតប្លែក ខណៈដែលលោកបានចេញទៅកម្សាន្ត និងផ្តិតយករូបភាពដោយផ្ទាល់នៅប្រទេសស៊ី្វសផងដែរ ។

ចាក់ចំបេះដូងអ្នកគាំទ្រ ពិសេស មិត្តយុវវ័យគឺបទ មានចំណងជើងថា ស្មានថាគេស្រឡាញ់យើង ដែលជាបទចម្រៀងថ្មីនិពន្ធឡើងដោយលោក និស្ស័យ ។ បទនេះ ចាប់ផ្តើមលេចការគាំទ្រកាន់តែខ្លាំងក្រោយពីគេបានទស្សនាវីដេអូដែលបានផ្តិតយកទេសភាព ដ៏ស្រស់ស្អាតនាតំបន់មួយចំនួននៅប្រទេស ។

បញ្ចេញមិនទាន់បាន២៤ម៉ោងផងបទមួយនេះ មានអ្នកចូលទស្សនារាប់សែននាក់ជាមួយនឹងការសរសើរមិនដាច់ពីមាត់ទាំងទឹកដមសំនៀង និងវីដេអូដ៏ទាក់ទាញ ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បញ្ជាក់ថា លោកពិតជារំភើបនឹងការគាំទ្រជាថ្មីបន្ត ក្រោយពីបទចម្រៀងមួយចំនួនរបស់លោកក្នុងផលិតកម្មសាន់ដេទទួលបានការគាំទ្រជាច្រើន ។ លោកថាលោកបានឆ្លៀតថតយកទិដ្ឋភាពដ៏ស្រស់ស្អាតនាតំបន់មួយចំនួននៃប្រទេសស៊ី្វសគ្រាដែលលោកបានដើរកម្សាន្តនៅទីនោះ ។

ទោះជាយ៉ាងណានេះមិនមែនជាលើកទី១ទេដែលបទចម្រៀងរបស់តារាចម្រៀងប្រុសអតីតម្ចាស់ជ័យលាភីកម្មវិធី ផ្កាយរះក្នុងសួន ទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យ ។ ក្រោយជ្រកក្រោមដំបូលផលិតកម្មសាន់ដេ តារាចម្រៀងរូបនេះធ្លាប់បានធ្វើឲ្យផ្ទុះការគាំទ្រជាបន្តបន្ទាប់ដែលភាគច្រើនជាបទមនោសញ្ចេតនា ដែលអ្នកស្តាប់ភាគច្រើនពេញចិត្តទឹកដមសំនៀងរបស់តារាចម្រៀងរូបនេះមានដូចជាបទ កុំប៉ះសង្សារខ្ញុំ បទ ស្រឡាញ់អូនដល់កាន់ឈើច្រត់ បទ ក្រចេះស្នេហ៍បង ជាដើម៕ វឌ្ឍនា


ចែករំលែក៖