ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ និងលួចម៉ូតូយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពលួចម៉ូតូរបស់យុវជនជាកម្មករសំណង់ម្នាក់ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់មុខបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លេខ កក្កដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ លី រ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនសង្ស័យ និងជនរងគ្រោះស្នាក់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ។ ដោយឡែកទ្រព្យសម្បត្ដិដកហូតបានមកវិញ មានម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP -7290 ១គ្រឿង និងឧបករណ៍ ម្ជុលខ្ទាស់១ សម្រាប់ដោតតចរន្តបញ្ឆេះម៉ូតូ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅមុខបន្ទប់ជួល ដោយបានចាក់សោរ ក ត្រឹមត្រូវផងដែរ បន្ទាប់មកដើរចូលទៅក្នុងបន្ទប់ រួចហូបបាយ ហើយបានអង្គុយចុចទូរស័ព្ទលេងក្នុងបន្ទប់ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែជនរងគ្រោះ បានឭសូរសម្លេងស៊ីផ្លេរម៉ូតូនៅមុខបន្ទប់របស់ខ្លួន ដោយមានការ សង្ស័យ ក៏បានចេញពីបន្ទប់មើលម៉ូតូ ខណៈនោះក៏ឃើញជន សង្ស័យឡើងជិះម៉ូតូរបស់ខ្លួន ភ្លាមនោះជនរងគ្រោះ បានរត់ទៅចាប់ទាញម៉ូតូ និងប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ រួចស្រែកផ្អើលឆោឡោរឲ្យគេជួយ ភ្លាមនោះជនសង្ស័យទុកម៉ូតូចោល រួចរត់គេចខ្លួន ។

ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មាន ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងប្រជាការពារ បានឃាត់ខ្លួន រួចនាំជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនោះពិតប្រាកដមែន ដោយយកម្ជុលខ្ទាស់ តដោតចរន្តបញ្ឆេះម៉ូតូ តែត្រូវម្ចាស់គេទាន់ស្រែកថាចោរៗ និងប្តឹង សមត្ថកិច្ចចាប់ខ្លួនតែម្ដង ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារចំនួន១៥ខែម្ដងរួចមកហើយនៅព្រៃសរ ពាក់ពន្ធ័លួចម៉ូតូនៅរាជធានីភ្នំពេញ ៕ ស្អាងជ័យ

 


ចែករំលែក៖