ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែកឡើងប្រក់ដំបូលឃ្លាំងរអិលជើងធ្លាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាងផ្សាដែកម្នាក់ ខណៈដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិលជើងធ្លាក់ កម្ពស់៨ម៉ែត្រ មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃស្តាំ ត្រូវបានកម្មករ រួមការងារ ជួយដឹកតាមរុឺម៉កចេញមកផ្លូវ ដើម្បីបន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់ឃ្លាំងមួយកន្លែង ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ស៊ីម ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ ផ្នែកខាងជាងដែក ស្នាក់នៅការដ្ឋាន ក្នុងភូមិកើតហេតុ មានទីលំនៅ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។

តាមសម្តីបុរសឈ្មោះ ស៊ីម ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរកម្មករ ជាងដែក ត្រូវជាបងប្អូនជីដូនមួយ នឹងជនរងគ្រោះ ស្នាក់នៅ ធ្វើការ ទីលំនៅ ស្រុកភូមិជាមួយគ្នា បានឲ្យដឹងថា ពួកគេ ជាជាងដែក បាននាំគ្នាមកធ្វើការនៅការដ្ឋានខាងលើ បានមួយខែមកហើយ ហើយមុនកើតហេតុ ខណៈជនរងគ្រោះ រួមជាមួយកម្មករផ្សេងទៀត ឡើងប្រក់ដំបូល កំពុងតែធ្វើការ ស្រាប់តែជនរងគ្រោះ រអិលជើងលើស័ង្កសី ធ្លាក់តាំងពីកំពស់៨ម៉ែត្រមកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ ។

ជនរងគ្រោះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្មកររួមការងារនាំគ្នាជួយលើកដឹកតាមរុឺម៉កម៉ូតូ ចេញមកផ្លូវបេតុង ដើម្បីដឹកបញ្ជូនតាមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យព្រះកុសុមៈ ៕ សុខាសែនជ័យ​


ចែករំលែក៖