ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសលាងលុយខ្មៅឲ្យបានខ្លាំងក្លា ខណៈកម្ពុជាត្រូវគេ ចាត់ទុកថា ជាកន្លែងប្រព្រឹត្តបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងមានសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ឲ្យបានខ្លាំងក្លា ខណៈប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៏បែបនេះនៅក្នុងពិធីប្រកាសតែងតាំង លោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីអាណត្ដិទី៣ នៅថ្ងៃពុធ១០កើត ខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីថា៖ កន្លងមកថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ នូវការនាំចូលលុយដ៏ច្រើនលើសលុប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ ។

សម្ដេចក្រឡាហោម ស ខេង បាបញ្ជាក់ថា៖ រឿងលាងលុយ ឥឡូវនេះកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀតវានឹងទៅខ្មៅ បើសិនណាយើងមិនយកចិត្តទុកដាក់ ។ សម្ដេចក្រឡាហោមយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានមានតែមនុស្សមួយក្រុមទេ ប៉ុន្ដែបើងាប់ គឺងាប់ប្រទេសនិងប្រជាជាតិ ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក ។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ប្រសិនបើ ស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់ ដើម្បីមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែងតែម្តង ។

សម្ដេចក្រឡាហោមក៏បានក្រើនរំលឹកថា៖ អ្នកដែលប្រព្រឹត្តបទល្មើសនេះ គឺពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ ៕ សំរិត


ចែករំលែក៖