ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពល​គ្រឿងញៀនធ្វើឲ្យបុរសម្នាក់លែងដឹងខុសត្រូវ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ទ្រាំលែងបាន ឃាត់ខ្លួនប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានឪពុកម្តាយទ្រាំលែងបានឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការតាមច្បាប់ ព្រោះតែឥទ្ធិពលគ្រឿងញៀនចូលក្នុងខ្លួនធ្វើឲ្យបាត់បង់ស្មារតី លែងដឹងខុសត្រូវ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ វាយទាំងឪពុក ប្រពន្ធក៏រត់ចុះចោល ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបុរីប៊ុន ហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

បុរសញៀនថ្នាំមានឈ្មោះ យស ទិត្យវិច្ឆិកា ហៅខ្លឹង ហៅអឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមនុស្សញៀនថ្នាំ ប្រចាំភូមិ រស់នៅផ្ទះកើតហេតុ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរូបនេះ បណ្តែតបណ្តោយខ្លួន រហូតធ្លាក់ក្នុងល្បែងគ្រឿងញៀន ដើរតែផឹកសុី ជក់គ្រឿងញៀនជាប្រចាំ ហាម ប្រដៅលែងស្តាប់ ប្រពន្ធទ្រាំលែងបានរត់ចុះចោល ។ ប្រភពបន្តទៀតថា ការបណ្តែតបណ្តោយខ្លួន ឲ្យគ្រឿងញៀន ស្រាដឹកមុខ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតបាត់អស់ស្មារតី លែងដឹងខុសត្រូវ វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ រករឿងបង្កហឹង្សា ក្នុងគ្រួសារ រហូតដល់យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បុរសរូបនេះ បញ្ចេញចរឹកកាន់តែកោងកាច ប្រើប្រាស់ដំបងឈើគ្រញូង គំរាមវាយឪពុក រហូតដល់ព្រឹកថ្ងៃទី១៤ ខែឧសភា នេះសម្រេចចិត្ត ប្តឹងប៉ូលិសចាប់ខ្លួន ។

បុរសខាងលើត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍ តាមបណ្តឹងរបស់ក្រុមគ្រួសារ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖