ព័ត៌មានទាន់ហេតុការណ៍៖

ឡិចសុីសRX330 ពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវនៅគល់ស្ពានក្បាលថ្នាល់ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់បានរួមដំណើរជាមួយគ្នា ហើយបើករថយន្តឡិចសុីស ​RX330 មួយគ្រឿង​ ​ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​១២រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៩​​ នៅត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចសុីសRX330 ពណ៌ស្ក ពាក់ស្លាកលេខ ​ភ្នំពេញ 2AX-8982 បានបើកបរដោយបុរសម្នាក់ រួមដំណើរ និងបុរសម្នាក់ទៀត ធ្វើចេញពីស្ពានអាកាសក្បាលថ្នល់ ឆ្លងកាត់ផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញបាក់អស់មួយកង់ រីឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ ។​

ក្រោយកើតហេតុ គេសង្កេតឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖