ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវបានប្រជាពរដ្ឋចាប់បានវ៉ៃឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីឆក់ទូរស័ព្ឌដៃ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជួយដេញចាប់ និងស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីឆក់ទូរស័ព្ឌដៃ កាលពីម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឿន ពុធសារ៉ាន់ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជាង នី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅម្ដុំស្ទុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ​ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯស្រុកស្ទោង ខេត្តកំពង់ធំ ។​

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឈរចាំឡានក្រុង ដោយបានយកទូរស័ព្ទដៃ សែលហ្វី ខណនោះក៏មានមុខជនសង្ស័យម្នាក់ ដើរមកដោយឃើញឱកាសល្អបានដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់បានសម្រេច ភ្លាមៗជនរងគ្រោះក៏បានស្រែកឆោឡោ ចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច​យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីសួរនាំនិងជនរងគ្រោះក៏បានដាក់ពាក្យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖