ព័ត៌មានទាន់ហេតុការណ៍៖

លោកជា ពិសី ៖ ការបំបែកក្បាលដី គឺផ្ដល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋយើងផង

ចែករំលែក៖

ភ្នំពេញ ៖ ការបំបែកក្បាលដីនេះ ផ្ដល់នូវសារៈប្រយោជន៍ពីរយ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋយើងផង។ ចំពោះប្រជាពលរដ្ឋយើងគឺធានាបាននូវភាពកក់ក្តៅសុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនគាត់ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុទៀតសោតមានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះក៏អាចផ្ដល់លទ្ធភាពដល់បងប្អូន ប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗផងដែរ ។

ចំពោះរដ្ឋយើងការចុះបញ្ជីដីធ្លីនេះផ្ដល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប ។ ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឱ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសម្បូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា ។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យចំនួន១៣៩៧ក្បាលដីនៅក្នុងវត្តទួលសង្កែសង្កាត់ទួលសង្កែកាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ ក្រោមការអញ្ចើញចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាធរពាក់ពន្ធ័ជាច្រើនរូបរួមជាមួយប្រជាពលជាង១ពាន់នាក់ ។

លោកបន្តថា នេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ជាតិប្រកបដោយចិរភាព និងសុខដុមការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះគឺជាគំរោងដែលទទួលបានការគាំទ្រទាំងស្រុងពីជំនួយបច្ចេកទេសរបស់ប្រទេសអាឡឺម៉ង់ និងហ្វាំងឡង់ ។

លោក ជា ពិសី បានបន្តទៀតថា ឆ្លៀតក្នុងឱកាស មានតម្លៃនេះតាំងនាមឲ្យគម្រោងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដូចជាតាងនាមឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនេះសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ បញ្ហាដីធ្លីចំពោះ អាល្លឺម៉ង់ និងហ្វាំងឡង់ដែលបានផ្ដល់ជំនួយឥតសំណងដ៏ថ្លៃថ្លានេះ ។

ជាមួយគ្នានោះលោក ជា ពិសី ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋពេលដែលទួលបានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនទ្រព្យនៅថ្ងៃនេះហើយសូមបងប្អូនប្រើប្រាស់ និងថែរក្សាឲ្យបានគង់វង្សចៀសវាងការបាត់បង់ ៕ អរុណរះ


ចែករំលែក៖