ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់១នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

ឈ្មោះ ជួន សុខ ហៅឡេវ អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសួរនាំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone X ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៦:១៥ ព្រឹក នៅចំណុច មុខភោជនីយដ្ឋាន ថ្មដា ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនធ្វើសកម្មភាព បក្សពួកខ្លួន ឈ្មោះ ភ័ណ្ឌ ភេទប្រុស បានជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពុំចាំស្លាកលេខ មកយករូបខ្លួន នៅចំណុចផ្លូវ២៨៨ កែងផ្លូវ១៤៣ ដើម្បីជិះធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ លុះពេលពួកគេ ជិះដល់មុខភោជនីយ៍ដ្ឋាន ថ្មដា ក៏ឃើញបុរសម្នាក់ចុះពីលើកងបី ហើយឈរនិយាយទូរស័ព្ទ រូបគេទាំង ០២នាក់ បានជិះទៅក្បែរ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួន ទៅផ្ទះលេខ៩៧E0Z ផ្លូវ២៩២ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរូបគេទាំង ០២នាក់ ក៏បែកផ្លូវគ្នា។ លុះដល់វេលាម៉ោង១០:៣០នាទី រូបគេបានឃើញបុរសម្នាក់ដើរកាត់មុខផ្ទះដែលរូបគេស្នាក់នៅ ដោយសង្ស័យថាជាសមត្ថកិច្ច ក៏បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចអាវុធហត្ថនៅក្បែរនោះឃាត់ខ្លួនតែម្តង។

រូបគេបានប្រាប់បន្ថែមទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៩ នេះ រូបគេ និងបក្សពួក ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ចំនួន ០២លើក លើកទី១ ឆក់ទូរស័ព្ទពីបុរសម្នាក់ ជិះម៉ូតូកង់បី មិនបានសម្រេច នៅចំណុច ម្តុំបឹងកេងកង លើកទី២ ឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ បានសម្រេច នៅចំណុច ម្តុំពេទ្យចិន ៕ ជ្រោយពេជ្រ


ចែករំលែក៖