ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត នៅថ្ងៃ ព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានបដិសេធតាមបណ្តាញ សង្គមហ្វេសប៊ុក ចំពោះការចោទប្រកាន់ របស់ក្រុមប្រឆាំងថា លោក និងប្អូនស្រីមានលុយម្នាក់ៗ១០០លានដុល្លារ។
លោកបានបញ្ជាក់ថា «ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹក ប្រាក់នៅក្នុងនោះទៅដល់១០០លានដុល្លារ សហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន»។
លោកបន្តថា «អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ»ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះ មិនមែនជាលើកទីមួយទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក»៕ សតារា