គ្រោះថ្នាក់ដ៏រន្ធត់បានកើនឡើងនៅក្នុងប្រទេសប៉ាគីស្ថាន គឺរថភ្លើងដឹកអ្នកដំណើរបុគជាមួយ រថភ្លើងដឹកទំនិញ មួយគ្រឿង បណ្តាលឲ្យសា្លប់និងរបួសជាច្រើន ។ ជាមួយគ្នានេះនៅក្នុងប្រទេសឥណ្ឌាក៏មានករណីរថយន្តក្រុងធ្លាក់ជ្រោះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់ ។
នៅក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅប៉ាគីស្ថាន មានមនុស្ស៣នាក់បានស្លាប់ និងអ្នកដំណើរជាច្រើននាក់ផ្សេងទៀត រងរបួស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតទីក្រុង Hyderabad ខេត្ត Sindh ភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន ។
លោក Sheikh Rasheed Ahmad រដ្ឋមន្ត្រីផ្លូវដែកសហព័ន្ធ បានថ្លែងថា អ្នកបើកបរ និងជំនួយការអ្នកបើកបររថភ្លើងដឹកអ្នកដំណើរ និងសន្តិសុខម្នាក់ នៅលើរថភ្លើងដឹកទំនិញ បានស្លាប់ ទាំង៣នាក់ ហើយក្រៅពីនេះក៏មានអ្នកដំណើរជាច្រើននាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងហេតុការណ៍នោះ គឺរថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lahore-bound Jinnah Express បានបុកជាមួយរថភ្លើងដឹកទំនិញ ស្ថិតនៅជិតទីក្រុង Hyderabad ។
ទោះជាយ៉ាងណា មន្រ្ដីដដែលនោះ បានបញ្ជាក់ថា អ្នកដំណើរនៅលើរថភ្លើង Lahore-bound Jinnah Express ពុំមានអ្នកណាម្នាក់បាត់បង់ជីវិតនោះឡើយ ។ រីឯការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ដើម្បីស្វែងរកមូលហេតុ នាំឲ្យគ្រោះថ្នាក់បែបនេះ កើតឡើង ។
រថភ្លើងដឹកអ្នកដំណើរ មកពីភាគខាងត្បូង នៃទីក្រុងកំពង់ផែ Karachi ឆ្ពោះទៅកាន់ភាគខាងកើត នៃទីក្រុង Lahore ។ សារព័ត៌មានក្នុងស្រុក បានផ្សាយថា រថភ្លើងដឹកអ្នកដំណើរ ពុំទទួលបានសញ្ញាណាមួយ ពីរថភ្លើងដឹកទំនិញ ទើបបណ្តាលឲ្យបុកគ្នាបែបនេះ ។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ មានរថយន្តក្រុងបើកធ្លាក់ជ្រោះបណ្តាលឲ្យអ្នកដំណើរ ៤៤នាក់ស្លាប់និងរបួសជាច្រើន ។ មន្ត្រីឥណ្ឌាបានបញ្ជាក់ថា មនុស្សយ៉ាងតិច៤៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រថយន្តរថយន្ដក្រុងមួយគ្រឿង បើកធ្លាក់ជ្រោះ នៅក្នុងរដ្ឋតំបន់ភ្នំ Himachal Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រភពដដែល បានបន្តថា ក្រៅពីមានអ្នកស្លាប់នោះ ក៏មានមនុស្ស២៨នាក់ផ្សេងទៀតបានរងរបួស ហើយភាគច្រើនរងរបួសធ្ងន់ធ្ងរ ។ រីឯហេតុការណ៍រថយន្តក្រុងក្រុមហ៊ុនឯកជន បើកធ្លាក់ជ្រោះនោះ បានកើតឡើង នៅត្រង់ចំណុចមួយ មានកម្ពស់ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងស្រុក Kullu នាភាគខាងជើង នៃរដ្ឋ Himalayan ប្រទេសឥណ្ឌា ។
ប៉ូលិសឥណ្ឌាបញ្ជាក់នៅពេលដំបូងថា មានមនុស្ស២៥នាក់បានស្លាប់ ប៉ុន្តែក្រោយមក បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើតឡើង ចំនួន១៩នាក់បន្ថែម ដោយសារស្ថានភាពរបួសរបស់ជនរងគ្រោះ មានស្ថានភាពធ្ងន់ធ្ងរពេក មិនអាចសង្រ្គោះបាន ។ ដូច្នេះ នៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ បានបណ្ដាលឲ្យអ្នកដំណើរចំំនួន៤៤នាក់ស្លាប់ និង២៨នាក់ផ្សេងទៀត រងរបួស ហើយភាគច្រើន នៃពួកគេ គឺរបួសធ្ងន់ ។
ស្នងការប៉ូលិសស្រុក Kullu លោកស្រី Shalini Agnihotri បានថ្លែងប្រាប់ប្រភពAFP ថា អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរខាង ប៉ុន្តែបានបាត់បង់ជីវិតអំឡុងពេលគ្រូពេទ្យកំពុងព្យាបាល ។ ជនរងគ្រោះភាគច្រើនស្ត្រី និងកុមារ ។ ពួកគេត្រឡប់មកពីសាលារៀន ។ រថយន្តនោះដឹកមនុស្សជាង៦០នាក់ ជាចំនួនច្រើន អ្នកខ្លះជិះនៅលើដំបូល ហើយនៅពេលដល់កន្លែងកើតហេតុ បាត់បង់ម្ចាស់ការរេចង្កូតធ្លាក់ជ្រោះតែម្តង ៕