ព័ត៌មានទាន់ហេតុការណ៍៖

សិស្សថ្នាក់ទី១២ វិទ្យាល័យច្បារអំពៅ និងវិទ្យាល័យទួលទំពូង២នាក់ ជាចោរឆក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្ស២រូប រៀនជិតចប់ថ្នាក់ទី១២ហើយ បែរជា បែកគំនិតនាំគ្នាជិះម៉ូតូដើរឆក់ទូរស័ព្ទបុរសជនជាតិចិនម្នាក់មិនបានសម្រេច បណ្ដាលឲ្យជ្រុះ ហើយជនរងគ្រោះស្រែកឆោឡោផ្អើលសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ដេញតាមចាប់ពីភ្នំពេញ រហូតដល់មាត់ទន្លេក្រុងតាខ្មៅ ទើបជនសង្ស័យមានការភ័យស្លន់ស្លោ បានជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដួល ទើបសមត្ថកិច្ចក្របួចជាប់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវច្រកចូលស្ពានឥន្ធនូ កោះពេជ្រ ទល់មុខវិមានកូលាបស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះទី១៖ ឈ្មោះ សាន្ត ស៊ិនសិលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ សាលាវិទ្យាល័យ ច្បារអំពៅ រស់នៅភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ជាអ្នកឌុប) និងទី២. ឈ្មោះ តេន ប៊ុនថូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ នៅសាលាវិទ្យាល័យទួលទំពូង រស់នៅដូចគ្នាជាមួយជនសង្ស័យខាង លើជាអ្នកឆក់អង្គុយពីក្រោយ ។ ចំណែកជនរងគ្រោះជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់ កំពុងតែជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ដែលមានជនបរទេសរស់នៅច្រើន ក្នុងគោលបំណង បង្ការនិងបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុ ក៏មានជនជាតិចិនម្នាក់កំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០(សង់ប៊ិច) ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM.5983 ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក OPPO មួយគ្រឿង ដែររូបគាត់កំពុងនិយាយមិនបានសម្រេច បណ្តាលឲ្យជ្រុះពីដៃ ហើយជនរងគ្រោះស្រែកឆោឡោឡើងរូចក៏រើសទូរស័ព្ឌមកវិញក៏ដើរចេញទៅទិសខាងត្បូងបាត់ទៅ ។

ចំណែកជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈនោះសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមពីក្រោយ តាំងពីចំណុចកើតហេតុ រហូតដល់មាត់ទន្លេក្រុងតាខ្មៅ ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោ បានជិះម៉ូតូទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យដួលភ្លាមនោះ ក៏សមត្ថកិច្ចក្របួចជាប់តែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានហើយ សមត្ថកិច្ចបានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖