ភ្នំពេញ៖ សម្តេចតេជោ បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិត ពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់ ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
«នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទវហេតុបាក់រលំអគារសំណង់កំពុងសាងសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលឲ្យពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។
ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។
ទោះបីខ្ញុំជាប់ប្រជុំក៏ដោយក៏ខ្ញុំនៅតែតាមដាននូវដំណើរការរុករកនិងសង្រ្គោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត» ៕