ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍​ នៅពេលនេះ អាកាសយានិកប្តឹង ប៊ូអ៊ីន វិញម្តង

ចែករំលែក៖

កន្លងមក មានអ្នកដំណើរជាច្រើន ក៏ដូចជាបណ្តាក្រុមហ៊ុន អាកាសចរណ៍នានា ជុំវិញពិភពលោកបានប្តឹងទៅលើក្រុមហ៊ុន ផលិតយន្តហោះអាមេរិក ប៊ូអ៊ីន សងនូវការខាតបង់ ដោយសារតែផ្អាកហោះហើរ ។

នៅពេលនេះ បណ្តាអាកាសយានិក បើកបរប្រភេទយន្តហោះ Boeing 737​ MAX ​បង្ហាញការខកចិត្តយ៉ាងខ្លាំង ក្រោយក្រុមហ៊ុន បានលាក់បាំងនៅកំហុស បច្ចេកទេសនៃយន្តហោះប្រភេទ 737 MAX​ បណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ។ នៅពេលនេះ អាកាសយានិកបានប្តឹង ក្រុមហ៊ុន ប៊ូអ៊ីន​ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ របស់អាកាសយានិក ​។

សារព័ត៌មាន ABC របស់អូស្ត្រាលីបានផ្សាយថា មានក្រុមអាកាសយានិក៤០០នាក់ បានចុះហត្ថលេខាលើពាក្យបណ្តឹង ប្ដឹងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ដែលបានលាក់បាំង ពីកំហុសបច្ចេកទេសរបស់ប្រភេទយន្តហោះ 737 MAX បណ្តាលឲ្យមានគ្រោះថ្នាក់ផ្ទួនៗគ្នាបែបនេះ ។

ប្រភពព័ត៌មានពីតុលាការ បានឲ្យដឹងថា ក្រុមអាកាសយានិក ដែលបានបណ្តុះបណ្តាលសម្រាប់ការបើកបរយន្តហោះ 737 MAX បានដាក់ពាក្យបណ្តឹង ប្ដឹងទៅលើក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់អ្នកបើកបរ ក្រោយក្រុមហ៊ុនជាច្រើនបានសម្រេច ផ្អាកការហោះហើរប្រភេទយន្តហោះខាងលើនេះ។

ដោយឡែកអាកាសយានិក បានចោទប្រកាន់ក្រុមហ៊ុន Boeing ថា បានព្យាយាមបិទបាំងពីកំហុសរបស់ 737 MAX ទើបបណ្តាលឲ្យយន្តហោះប្រភេទទាំងពីរនេះ ជួបគ្រោះថ្នាក់ ដូចៗគ្នា ដោយបានសម្លាប់មនុស្សជាង៣០០នាក់។ រីឯក្រុមហ៊ុនអាកាសចរណ៍ នៅជុំវិញពិភព ក៏បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះនេះ ដោយសារខ្លាចមានគ្រោះថ្នាក់ កើតឡើងជាបន្តទៀត ។

សវនាការកាត់ក្តី ជាលើកដំបូងនឹងត្រូវធ្វើឡើង នៅក្នុងតុលាការទីក្រុង ជីកាហ្គោ អាមេរិក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។ ប្រភេទយន្តហោះខាងលើនេះ ត្រូវបានអាមេរិកផ្អាកការហោះហើរទាំងស្រុង ក៏ដូចជា បណ្តាប្រទេសផ្សេងៗ ត្រូវតែផ្អាកផងដែរ ៕


ចែករំលែក៖