ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន រំភើប និងក្តុកក្តួលក្រៃលែងនៅពេលបានឃើញកូនក្មួយ២នាក់នៅមានជីវិតនៅឡើយនៅថ្ងៃនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអាម្មណ៍ក្តុកក្តួលក្រៃលែងចំពោះឧប្បទ្ទេវហេតុនៃការបាក់រលំអគារកំពស់៧ជាន់ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលអោយកម្មករខ្មែររបួស និងស្លាប់ ដែលមកទល់ថ្ងៃទី​២៤​ ឧសភា​នេះ គឺអ្នកស្លាប់មានចំនួន ២៨ នាក់ ហើយអ្នកនៅរស់ មានជីវិត គឺ២៦ នាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានអារម្មណ៍ចម្លែកជាមួយនឹងជំនឿថា គឺនៅមានពលរដ្ឋដែលមានជីវិតរស់នៅកំពុងកៀបនៅក្រោមអគារ។ អារម្មណ៍នេះហើយ ដែលបានបណ្តាលអោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចចិត្តចេញដំណើរពីគេហដ្ឋានៅរសៀលថ្ងៃទី ២៤ មិថុនា នេះ ឆ្ពោះមកកាន់ទីតាំងអាគារ៧ជាន់ដែលមានក្រុមការងារកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដែលមានខ្លះជីកគាស់ថ្ម កាត់ផ្សារដែក កាត់ផ្ទាំងស៊ីម៉ង់ត៍ និងដឹកជញ្ជូនកំទេចកំទីទាំងនោះចេញពីកន្លែងសង្ស័យ ដើម្បីអោយការរុករកកាន់តែងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន បានឈរមើលក្រុមការងារសង្រ្គោះរុករកអ្នកបាត់ខ្លួនអស់មួយសន្ទុះ ដោយអារម្មណ៍រសាប់រសល់បំផុត។ ពេលនោះ ស្រាប់តែក្រុមអ្នករុករកបានស្រែកថា ឮសម្លឹងមនុស្សស្រែកសុំទឹកផឹកនៅក្រោមគំនរផ្ទាំងស៊ីម៉ង់ត៌ ដែលមានបន្ទះស័ង្កសីគ្របពីលើ១ជាន់ទៀត។ ក្រុមរុករកបានយកដែកស្បែង គាស់ និងប្រើហ្គាស់សម្រុកកាត់ទម្លុះផ្ទាំងថ្ម និងសង័្កសី ហើយក៏បានឃើញបុរស់២នាក់នៅមានដង្ហើមនៅឡើយ ប៉ុន្តែឃើញ២នាក់ទៀតបានស្លាប់នៅជិតគ្នា។

ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ ក៏មានដំណឹងដ៏សែនរំភើបរីករាយបំផុតដែរសម្រាប់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្រាប់ពលរដ្ឋកម្ពុជាទាំងមូលដែលកំពុងរង់ចាំមើលថា តើនៅម៉ោងនេះ នៅមានមនុស្សរស់រានមានជីវិតដែរទេ ព្រោះគ្រប់គ្នាអស់សង្ឃឹមហើយថាគ្មានអ្នករស់ទេ ។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយឥតឧបមារ ហើយក៏បានអញ្ជើញរួសរាន់ដើរទៅរង់ចាំទទួលជនរងគ្រោះដែលនៅមានជីវិតទាំង២នាក់នៅឯរថយន្តសង្រ្គោះបន្ទាន់ដែលកំពុងរង់ចាំដឹកពួកគេទៅមន្ទីរពេទ្យ។

ជីវិតមនុស្សពិតជាថ្លៃណាស់ សម្តេចតេជោ មានអារម្មណ៍ក្តុកក្តួលក្រៃលែងជាមួយកែវភ្នែករលីងរលោងនៅពេលដែលបានឃើញស្ថានភាពនឹងមុខបែបនេះ។ ក្រោយពីជនរងគ្រោះទាំង២បានបញ្ជូនមកកាន់រថយន្ត សង្រ្គោះបន្ទាន់ សម្តេចតេជោ បានអញ្ជើញចូលទៅជួបពួកគេនៅក្នុងរថយន្ត ដោយបានស្ទាបច្របាច់ដៃ និងបានជូតសម្អាតខ្លួនជនរងគ្រោះដោយកន្សែងត្រជាក់ ហើយបានផ្តល់កម្លាំងចិត្តដល់អ្នកទាំងពីរជាមួយក្តីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៍ដ៏ខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានឡើយ៕


ចែករំលែក៖