ភ្នំពេញ៖ ម្ចាស់ពានThe Voice Cambodia រដូវការទី១ លោក ប៊ុត សីហា ស្រាប់តែលេចមុខច្រៀង និងសម្តែងក្នុងបទចម្រៀង ជាលើកដំបូងរបស់ខ្លួនក្នុងផលិតកម្មថ្មីមួយគឺផលិតកម្ម យ៉ូប(JOB) ។ បទចម្រៀងថ្មីនេះមានចំណងជើងថា “បងមិនទាន់ចាស់ទេ” ដែលកំពុងទាក់ទាញអារម្មណ៍អ្នកស្តាប់ជាច្រើន ។
នេះគឺជាលើកទី១ហើយដែលតារាចម្រៀង ប៊ុត សីហា បានបញ្ចេញស្នាដៃចម្រៀងនៅផលិតកម្មថ្មីអមដោយការសម្តែងផ្ទាល់លើកដំបូងនោះ ។ ការសម្តែងក្នុងបទថ្មីនេះត្រូវបានគេដឹងថាលោកបានបញ្ចេញព្រមគ្នាទាំងAudio Lyrics និងMV ។ ការសម្តែងបទថ្មីនេះត្រូវបានដឹកនាំសម្តែងដោយកវី សយ រតនា និងនិពន្ធទំនុកច្រៀងដោយ លោក សុខលីម រក្សា និងសម្រួសបទភ្លេងដោយ លោក អ៊ិច សំណាង ។
បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅនេះក៏ទាក់ចិត្តអ្នកស្តាប់និងទស្សនាជាច្រើនដែរតាមរយៈទឹកដមសំនៀង និងការផ្តិតយករូបភាពផ្ទាល់នៅតំបន់កម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ។ គេនៅមិនដឹងទេថាតើតារាចម្រៀងរូបនេះបានចុះកិច្ចសន្យារយៈពេលប៉ុន្មានឆ្នាំទេក្នុងផលិតកម្មថ្មីមួយនេះ ប៉ុន្តែតាមរយៈស្នាដៃបទចម្រៀងនេះគេក៏បាមឃើញផលិតកម្ម មរតក មេឌៀ យកមកធ្វើការផ្សព្វផ្សាយផងដែរ ។
បើយោងតាមប្រភពអ្នកជិតដិតនឹងតារាចម្រៀងរូបនេះបញ្ជាក់ថា តារាចម្រៀងរូបនេះសម្រេចចិត្តបញ្ចេញស្នាដៃ ក្នុងផលិតកម្មថ្មីក្រោយពីស្ងប់ស្ងាត់បាត់មុខលើឆាកតន្ត្រីធំៗមួយរយៈពេល ។
ប្រភពបន្តថា តារាចម្រៀងរូបនេះ ក៏នឹងបញ្ចេញស្នាដៃសម្តែង បទចម្រៀងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ៕ វឌ្ឍនា