ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនកាយដី លក់មួយ ជាមនុស្សមានឥទ្ធិពល ហើយក៏ជាមនុស្សដែលមិនខ្លាចច្បាប់ផងនោះ បាននិងកំពុងសម្រុកកាយដីបំពានខុសនឹងច្បាប់ កំណត់ ដោយគ្មានអង្គភាពជំនាញណាមួយខ្វល់យកភ្នែកមើលនោះទេ ដែលគេសង្ស័យថា អាចមានការទទួលបានសំណែនយ៉ាងស្ងៀមស្ងាត់ ពីបុគ្គលរូបនេះ។
ករណីនេះបានកើតឡើងជាយូរណាស់ មកហើយ ដោយគ្រាន់តែម្ចាស់គ្រឿងចក្រដែលមានឈ្មោះ ហេង អេង បានផ្លាស់ ប្ដូរទីតាំងពីកន្លែងមួយ ទៅកន្លែងមួយតែ ប៉ុណ្ណោះ សំខាន់គឺការកាយដីលក់ជ្រៅហួសពីច្បាប់បានកំណត់។
បច្ចុប្បន្ន គេសង្កេតឃើញថា លោក ហេង អេង បានប្រើប្រាស់គ្រឿងចក្រ និងរថយន្តរាប់សិបគ្រឿង ដើម្បីចូលលុកលុយតាមតំបន់មួយចំនួនដូចជា ក្នុង ទឹកដីស្រុកសង្កែ និងចំណុច ភូមិច្រាប ក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងជា ដើម ដើម្បីកាយយកអាចម៍ដីលក់។ ប៉ុន្តែការធ្វើសកម្មភាពកាយដីជារណ្តៅធំៗ ដែល អាចក្លាយទៅជាស្រះ ឬ បឹងនោះ វាមាន ជម្រៅជ្រៅហួសពីច្បាប់បានកំណត់ ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរតំបន់ខាងលើ មានការ ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះម្យ៉ាងគឺការ បំផ្លាញផ្លូវ និងម្យ៉ាងទៀត គឺសុវត្ថិភាពជីវិត មនុស្ស និងសត្វ ដែលអាចធ្លាក់ចូលក្នុងរណ្ដៅដីនេះបាន នារដូវទឹកជំនន់ ប្រសិនបើពួកគេខ្វះការប្រុងប្រយ័ត្ន។
ស្រ្តីម្នាក់ឈ្មោះ សុផល អាយុ៣៥ឆ្នាំ ដែលជាប្រជាពលរដ្ឋ រស់នៅជាប់នឹង ទីតាំងខាងលើ បានរៀបរាប់ថា រាល់ថ្ងៃ រថយន្តដឹកដីរបស់តាអេង គឺដឹកតាំងពីព្រឹក ដល់ល្ងាច គឺគេដឹកគ្មានពេលសម្រាក ដែលបញ្ហានេះបានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនចៅគាត់ ដោយសារតែរណ្តៅមានសភាពជ្រៅៗខ្លាំងពេក ហើយបើនៅរដូវវស្សាវិញ គឺមិនអាច ដឹងថាជារណ្ដៅដីនោះទេ ព្រោះមើលទៅ ឃើញតែទឹក តែធាតុពិតគឺមានជម្រៅជ្រៅ មែនទែន។
ចំណែក លោក អ៊ាន មាឃ ប្រធានមន្ទីរ រ៉ែ និង ថាមពលធ្លាប់បានប្រាប់អ្នកយកព័ត៌មានតាមរយៈទូរស័ព្ទថា យោងតាមផ្លូវច្បាប់គឺការកាយយកដីរបស់ក្រុមហ៊ុននីមួយៗ អាចមានសិទ្ធិកាយបានតែជម្រៅ៥ម៉ែត្រ ទៅក្រោមតែប៉ុណ្ណោះ ប៉ុន្តែបើលើសពីនេះ គឺពិតជាល្មើសនឹងច្បាប់ហើយ។
រឿងរណ្ដៅដីរបស់លោក ហេង អេង នេះ គឺខាងមន្ទីររ៉ែ និងថាមពល ពេលបាន ទទួលព័ត៌មានហើយ គឺលោកតែងតែសន្យាថា នឹងចុះទៅពិនិត្យជាក់ស្តែង ប៉ុន្តែរាល់ការសន្យាគេមិនដែលឃើញសកម្មភាពរបស់ កម្លាំងមន្ទីរចុះពិនិត្យភ្លាមៗ ដើម្បីបញ្ជាឲ្យក្រុមហ៊ុនណាមួយផ្អាកសកម្មភាពនោះទេ នេះសបញ្ជាក់ឲ្យឃើញថា អាចជាការទទួលបានសំណែនដែលក្រុមហ៊ុនបានសែនឲ្យយ៉ាងដូច្នេះដែរ។ នៅជុំវិញការធ្វើអាជីវកម្មគ្រប់គ្រងធនធានរ៉ែនេះផងដែរ កន្លងមក ក្រុមឈ្មួញខាងលើនេះ ធ្លាប់មានរឿង ជាច្រើនកន្លែងផងដែរ ដែលចេះតែល្មើសទៅនឹងច្បាប់បានកំណត់ និងបង្ក ផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ តែខាងអាជ្ញាធរក្រុង ខេត្ត និង មន្ត្រី ជំនាញ មិនមានចំណាត់ការទៅលើក្រុមឈ្មួញខាងលើនេះសោះ ព្រោះច្បាប់បាន កំណត់ឲ្យជីកស្រះដែលមានផ្ទៃដីទំហំ១ ហិកតា ហើយជម្រៅតែ៥ម៉ែត្រ តែឈ្មួញ នៅតែល្មើសម្តងហើយម្តងទៀត មិនគោរព ច្បាប់អីសោះតែម្តង ដូចជារណ្ដៅនៅខាង លើនេះ មានជម្រៅរហូតទៅដល់ជិត១០ ម៉ែត្រ បើតាមច្បាប់នេះ គឺខុសទាំងស្រុង តែម្ដង៕ ហេង សូរិយា