ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ៤,២១៩នាក់ ផ្នែកចំណេះទូទៅថ្នាក់ទី៧ និងទី១១ ធ្វើទស្សនកិច្ចសិក្សា (Field Trip) ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី៧ និងថ្នាក់ទី១១ ទាំង២០សាខា សរុបចំនួន ៤,២១៩នាក់ ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

លោកប៊ុតឌីម៉ង់ប្រធានការិយាល័យចំណេះដឹងទូទៅនៃសាលាប៊ែលធីអន្តរជាតិបានឲ្យដឹងថាដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្ដុះស្មារតីសិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ពីប្រវត្តិ សាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាយុគសម័យដ៏ខ្មៅងងឹត នៃការកាប់សម្លាប់ប្រជាជន បង្អត់អាហារ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញសាសនា ហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីនៅទូទាំងប្រទេស ដែលជាហេតុធ្វើឱ្យប្រទេសជាតិស្ទើរលាយសាបសូន្យ និងស្លាប់ប្រជាជនអស់រាប់លាននាក់។

លោកបានបន្តថាកម្មវិធីទស្សនកិច្ចសិក្សា គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី៣ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង៨របស់សាលា ប៊ែលធី អន្តរជាតិក្នុងនោះ៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រឡងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីប្រកួតប្រជែងទេព្យកោសល្យ និង ៨-កម្មវិធីកីឡា។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សទាំងអស់ត្រូវសរសេររបាយការណ៍ (Writing Report) ស្តីពីអ្វីដែលខ្លួនបានឃើញ បានចាប់អារម្មណ៍ និងបានសិក្សា ដោយក្នុងនោះសិស្សថ្នាក់ចំណេះទូទៅ ត្រូវសរសេរជាភាសាខ្មែរ និងសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ ត្រូវសរសេរជាភាសាអង់គ្លេស ៕ អរុណរះ


ចែករំលែក៖