ព័ត៌មានទាន់ហេតុការណ៍៖

គួរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានញឹកញាប់ ! ប្ដីប្រពន្ធ២នាក់ ជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ តើការផ្សព្វផ្សាយច្បាប់ចរាចរណ៍មានភាពខ្សោយមែនទេ? ! រថយន្តម៉ាក លីប័ររូ បើកបរលឿនដូចព្រួញ ជែងរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទីនៅថ្ងៃច័ន្ទ ០៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦២ស្ថិតនៅ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកលីប័ររ៉ូ ពណ៌ស ស្លាកលេខ កំពង់ធំ2A.2831 បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។

ចំណែកម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម1G.6258 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ហុិត សៀងហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) និង ប្រពន្ធឈ្មោះ ប៉ក់ ច្រឹប អាយុ២២ឆ្នាំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ អ្នកបើកបរថយន្ត បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានជ្រុលចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិស ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖