ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសហការកងរាជអាវុធហត្ថចុះបត្តិ្របត្តិការបង្រ្កាបមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ជនសង្ស័យជាមុខសញ្ញាចំនួន ៣នាក់ ដកហូតនូវវត្ថុតាងមួយចំនួន រួមទាំងសម្ភារផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេល ២ថ្ងៃពេញ គឺថ្ងៃច័ន្ទ និងថ្ងៃអង្គារ ១-២កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ និងខ្សាច់ស ត្រង់ចំណុចផ្ទះរបស់ឈ្មោះ អ៊ុត តាក់ ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ(គេចខ្លួន) ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង និងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងឃាត់ខ្លួនបក្ខពួកមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារៈបន្តបន្ទាប់ ជនសង្ស័យជាមុខសញ្ញាទី១ ឈ្មោះ ជន បុន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ទី២ ឈ្មោះ ឆេង ម៉េង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាកាបក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ និងទី៣ ឈ្មោះ ពេទ្យ ពៀ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា ក្នុងនោះដកហូតនូវវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់ ក្នុងនោះតូចចំនួន ០៩កញ្ចប់ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទ និងម៉ូតូចំនួន ០១គ្រឿងផងដែរ ចំពោះជនសង្ស័យជាមុខសញ្ញាជាប់ពាក់ព័ន្ធទាំងចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ នាំយកទៅបន្តនីតិវិធីនៅទីបញ្ជាការដ្ខានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ៕ បុឹម ពិន