ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង២គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនជាង២គីឡូក្រាម នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យ​ នៅព្រឹកថ្ងៃទី៣ ខែកក្កដាថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿង ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបនៅម៉ោង៧៖២៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយជនសង្ស័យមានឈ្មោះ រិន ដារ៉ា ហៅ ឈាវ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគួកជេ រថយន្ត ។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីនគ្រាប់( WY) ទម្ងន់សុទ្ធ២០៩.៦៣ក្រាម, អ៉ិចស្តាស៊ីគ្រាប់ (LV) ទម្ងន់សុទ្ធ១៨.០៦ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៣.៩៥ក្រាម, អ៉ិចស្តាស៊ីទឹកទម្ងន់២០១៤.៤០ក្រាម (គិតទាំងសំបកដប), កញ្ឆាក្រៀមទម្ងន់៣៦.១៩ក្រាម, សំបកដបមិនទាន់ច្រកចូល៤៨៤សំបក, សំបកដបទឹកអាស៊ីត៤៨សំបក និងមានទឹក០១ដប និងមានឧបករណ៍កែឆ្នៃមួយចំនួនទៀត ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖