ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកផ្លែឈើ សង្ស័យបែកកង់ រេចង្កូតឡើងសួនច្បារ និងបុកបាក់បង្គោលសសរដែក អ៊ីណុកបំភ្លឺផ្លូវ បាក់១ដើម និងបាក់ស្លាកប៉ាន់ណូ១ទៀតខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកសំបកកេសស្នោផ្លែឈើមួយគ្រឿង សង្ស័យបែកកង់ រេចង្កូតឡើងសួនច្បារផ្លូវ២១៧ ជ្រុលទៅបុកនឹងបង្គោលសសរដែកអ៊ីណុកបំភ្លឺផ្លូវ បាក់អស់១ដើម និងបាក់ស្លាកប៉ាន់ណូ១ទៀត ខ្ទេចរថយន្តទាំងព្រឹក ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ​ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវត្តជើងឯក ផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញខាងលើម៉ាកគាប្រភេទទ្រុង ដឹកកេសស្នោរសង្ស័យជាកេសផ្លែឈើ ដែលដឹកចេញពីខេត្តតាកែវ យកបោះឲ្យម៉ូយនៅផ្សារដើមគរ ពាក់ស្លាកលេខ កំពង់ចាម 3A-5740 លុះត្រឡប់មកវិញ សង្ស័យបែកកង់ខាងមុខផ្នែកខាងឆ្វេង ក៏រេចង្កូតបុកឡើងខឿនសួនច្បារចែកទ្រូងផ្លូវ ២១៧ ជ្រុលទៅបុកបង្គោលសសរដែកអ៊ីណុកបំភ្លឺផ្លូវបាក់អស់១ដើម និងបាក់ស្លាកប៉ាន់ណូ១ទៀត និងរងការខូចខាតយ៉ាងដំណំតែម្តង តែសំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ ។ ចំណែកអ្នកបើកបររថយន្តបង្ក ដែលមានវ័យចំណាស់បន្តិច បានចុះពីលើរថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានចុះមកវាស់វែងដល់កន្លែងកើតហេតុ ដោយមានមន្ត្រីសាធារណការសាលាខណ្ឌដង្កោ បានចុះមកពិនិត្យមើល និងបាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅសាលាខណ្ឌដង្កោ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖