ព័ត៌មានទាន់ហេតុការណ៍៖

មានសង្ឃឹមហើយ ! លោក កែវ រ៉េមី ស្នើមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយការពាររឿងក្តីស្ត្រីជាប់ឃុំ មានទោស១៦៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រឿងក្តីរបស់ស្ត្រីឈ្មោះ ពេជ្រ សូណែត កំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ដែលលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកឃើញថា មានទោសច្រើនគួបផ្សំចូលគ្នាសរុបចំនួន១៦៥ឆ្នាំ នោះ កំពុងក្លាយជាប្រធានបទក្តៅនៃការជជែកគ្នា ។

លោកកែវ រ៉េមី បានស្នើអោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនទទួលបន្ទុករឿងក្តីនេះ ដែលនៅព្រឹកថ្ងៃទី៤ ខែកក្កដា នេះ នៅពុំទាន់សុំការបញ្ជាក់ពីលោកស្រីមេធាវី មាស ស៊ីថន អនុប្រធានទទួលបន្ទុកភូមិភាគរាជធានីភ្នំពេញ នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

លោក កែវ រ៉េមី បានអរគុណដល់លោក អង្គ វង្ស វឌ្ឈនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក ជីវ កេង អនុប្រធានតុលាការកំពូល ដែលបានយកចិត្តទុកដាក់លើករណី ពេជ្រ សូណែត ដើម្បីបង្កើនល្បឿនទាក់ទងបណ្តឹងឧទ្ធរណ៍។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រូបនេះ សរសេរតាមបណ្តាញសង្គម Facebook ថា “កាលណាចូលជាស្ថាពរហើយ , តុលាការនឹងប្រើវិធានស្រូបទោស ដោយយកទោសធ្ងន់ជាងគេតែមួយយកមកអនុវត្តន៍ បើទោះជាគាត់ជាប់ទោសច្រើនរាប់សិបឆ្នាំច្រើនករណីយ៍យ៉ាងណាក៏ដោយ។ ខ្ញុំនឹងស្នើមេធាវីសម្តេចតេជោជួយទទួលរឿងក្តីនេះ” ។

សូមបញ្ជាក់ថា លោក កែវ រ៉េមី កន្លងមក រកឃើញថា នៅមណ្ឌលអប់រំកែប្រែទី២ ហៅកាត់ថា “ម២” មានស្ត្រីម្នាក់ជាប់ឃុំដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នាសរុបរហូតដល់ជាប់ទោស១៦៥ឆ្នាំ ។ អ្វីដែលសំខាន់គឺបញ្ហាកូននៅជាមួយ។

លោក កែវ រ៉េមី បញ្ជាក់ ថា “ក្រោយពីចុះសួរសុខទុក្ខនៅមណ្ឌលអប់រំកែប្រែ ម២ មក ។ យើងបានឃើញស្រ្តីម្នាក់ជាប់ឃុំដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នាសរុបរហូតដល់ជាប់ទោស១៦៥ ឆ្នាំ។ អ្វីដែលសំខាន់គឺ បញ្ហាកូននៅជាមួយ”។

លោក បន្តថា “ខ្ញុំពិតជាអាណិត និង រន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ត្រូវខិតខំរកអង្គការណាដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារនិងចំណេះដល់ក្មេងបាន។ ខ្ញុំសូមអរគុណជាអនេកប្បការដល់ លោកស្រី ឈូក សីហា នាយិការនៃអង្គការ “ការអភិវឌ្ឍន៍កុមារកម្ពុជា” ដែលស្ម័គ្រចិត្តទទួលយកក្មេងនោះ ។ សូមអរគុណផងដែរដល់មន្ត្រី ថ្នាក់ដឹកនាំទាំងអស់នៅក្នុង ម២ និងសហការីរបស់ខ្ញុំដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះដោយមានប្រសិទ្ធិភាព ។ សូមអំពាវនាវដល់មាតាបិតាកុំប្រព្រឹត្តិល្មើសនឹងច្បាប់ ដែលធ្វើអោយប៉ះពាល់ដល់អនាគតកូន។ ហើយក៏សូមអំពាវនាវដល់សប្បុរសជន បើមានបំណងចង់ជួយដល់អង្គការនេះអាចទាក់ទងលេខ 012259651” ៕ ចេស្តា


ចែករំលែក៖