ដើម្បីសម្រួលដល់គ្រួសារ ជនរងគ្រោះដោយគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737MAX ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បានសម្រេចចំណាយថវិកា ចំនួន១០០លានដុល្លារអាមេរិក ដើម្បីសងសំណងដល់គ្រួសារជនរងគ្រោះទាំង៣៤៦នាក់ ដែលបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ យន្តហោះ Boeing 737MAX ចំនួនពីរលើកផ្សេងគ្នា នៅក្នុងប្រទេស អេធ្យូពី កាលពីអំឡុង ឆ្នាំ២០១៩ និងការធ្លាក់យន្ដហោះ Lion Air របស់ឥណ្ឌូនេស៊ី នៅក្នុង ឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីប្រកាស កាលពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនប៊ូអ៊ីង (Boeing) បានបញ្ជាក់ថា ទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក នេះ នឹងត្រូវចំណាយជួយដល់គ្រួសារជនរងគ្រោះ និងផ្តល់សំណង រហូតដល់ដំណាច់ឆ្នាំ២០១៩ ។
លោក Dennis Muilenburg អគ្គនាយកក្រុមហ៊ុន Boeing បានលើកឡើង នៅក្នុងពិធីប្រកាសនោះថា ចំនួនទឹកប្រាក់ ត្រូវសងដល់គ្រួសារជនរងគ្រោះ កាលពី ថ្ងៃទី៣ ខែកក្កដា នេះ «យើងខ្ញុំពិតជាសោកស្តាយចំពោះការស្លាប់ ដោយគ្រោះថ្នាក់ទាំងពីរលើកខាងលើនេះខ្លាំងណាស់ ។ ដូច្នេះ សាចញាតិ និងក្រុមគ្រួសារជនរងគ្រោះ សូមមេត្តា អធ្យាស្រ័យ និងយោគយល់ដល់យើងខ្ញុំផង» ។
សារព័ត៌មាន Bloomberg បានផ្សាយថា នេះជាការប្រឈមមុខយ៉ាងធំបំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង ក្នុងរយៈពេល១០៣ ឆ្នាំកន្លងមក ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនទទួលបានពាក្យបណ្តឹង ពីសាច់ញាតិ រហូតដល់ទៅជាង៨០ហើយ ក៏ដូចជា បណ្តាក្រុមហ៊ុនអាកាសចរណ៍នានា ដោយសារតែការខាតបង់ ក្រោយផ្អាកជើងហោះហើរប្រភេទយន្តហោះខាងលើ ។ បើតាមការវាយតម្លៃ ក្រុមហ៊ុនប៊ូអ៊ីងនឹងត្រូវខាតបង់យ៉ាងតិច១ពាន់លានដុល្លារ ក្នុងការដោះស្រាយនូវពាក្យបណ្តឹងទាំងនោះ៕