ប្រទេសស្វីស៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក
(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ដល់តំណាងក្រុមហ៊ុនទាំងអស់នេះបានមកជួបសម្តេចនាពេលនេះ ដែលសម្ដេចតែងតែឆ្លៀតឱកាសជួប ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ដើម្បីកៀងគរអ្នកវិនិយោគ ឬក្រុមហ៊ុនពីបរទេស ដើម្បីមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំង៦បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកទាំងអស់ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។
តំណាងក្រុមហ៊ុនអន្តរជាតិក៏បានលើកឡើងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជាពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ដែលធ្វើអោយក្រុមហ៊ុនរបស់លោកមានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័សុខាភិបាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ជាពិសេសទៅទៀតពួកគាត់ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។
នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថាគាត់បានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាលដែលគាត់បានរៀបចំនូវគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជាប្រមាណជា ៤០លានដុល្លារ។ លើសពីនេះទៅទៀតគាត់មានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។
ការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងរួមទាំងវិស័យថាមពលនេះ។ សម្ដេចតេជោនាយកមន្ត្រី ក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានចាប់អារម្មណ៍ចង់ទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាលនេះ។ ដូច្នេះសម្តេចបានគូសបញ្ជាក់ថាកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។ តេជោក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរ ច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាច បំរើសេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចបានមានប្រសាសន៍ថាប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋនិងសាលាឯកជនគឺកាន់តែប្រសើរ។
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា សម្ដេចពិតជារីករាយ និងស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ ហើយសម្តេចបានជំរុញធ្វើយ៉ាងណាឲ្យគាត់យកចិត្តទុកដាក់ដាក់ការបណ្ដុះបណ្ដាលផង ជាពិសេសលើវិស័យដែលក្រុមហ៊ុនចង់ទៅវិនិយោគនោះ៕