ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោល ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយ លើប្រព័ន្ធ Internet បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
យោងតាសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ៖គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយបំផ្លើសតាមរយៈការ Comment របស់គណនី Facebook ឈ្មោះ Sila Chey ដែលបានបង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអឺនធឺណែត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណុចបង្គោលព្រំដែនក្លែងក្លាយនោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ»។
ដើម្បីបញ្ចៀសនូវការយល់ច្រឡំ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបដូចតទៅ៖
* បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមានបង្គោលលេខ៧៨(១) បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាមក្នុងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្តាលទន្លេចាម។ បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះត្រូវបានបោះតាមផែនទីផ្លូវការដែលប្រទេសទាំងពីរបានអនុម័តទទួលយក។
* ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយនៅលើប្រព័ន្ធអ៊ុនធើណែត Google Map នេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួនដែលមាននិន្នាការប្រឆាំងបានវាយប្រហារ រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យវៀតណាម ក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងមក រួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
* ការពិត ចំណុចបង្គោលព្រំដែនផ្លូវការលេខ៧៨មិនបានបោះចូលក្នុងទឹកដីប្រទេសកម្ពុជា ជាង៥គីឡូម៉ែត្រដូចការ Comment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយរបស់ Account Facebook Sila Chey នៅឡើយ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿលើរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕ សតារា